កម្លាំងនគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ សហការស្រាវជ្រាវ រកឃើញម៉ូតូយកមកប្រគល់ជូនជនរងគ្រោះវិញ
ខេត្តសៀមរាប÷ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៦នេះថា ក្រោមកិច្ចសហការរវាងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងខេត្តកំពង់ធំ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿង ដែលជនសង្ស័យបានលួចចេញពីខេត្តសៀមរាបទៅលាក់ នៅឯខេត្តកំពង់ធំ។
គួរបញ្ជាក់ថា កាលថ្ងៃទី២៦ខែមេសាឆ្នាំ២០២៦ កន្លង ទៅ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីលួចម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ សៀមរាប 1AT-3989 លេខតួ និងលេខម៉ាស៊ីន ND125ME0331011 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ទុយ វុធវឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្ននៅភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានបណ្តឹង ពីជនរងគ្រោះនិងដោយអនុវត្ត តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រោមការដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចុះស្រាវជ្រាវ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាលទ្ធផល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦នេះ យើងបានស្រាវជ្រាវ និងរកឃើញម៉ូតូ របស់ជនរងគ្រោះខាងលើ យកមកប្រគល់ជូនជនរងគ្រោះវិញ បន្ទាប់ពីការតាមប្រមាញ់ របស់សមត្ថកិច្ចយើង ត្រូវបានជនសង្ស័យដឹងខ្លួន ហើយផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ជនសង្ស័យ ដែលប្រព្រឹត្តអំពើរលួចម៉ូតូខាងលើនេះ យើងបានកំណត់អត្តសញ្ញាណបានហើយ កំពុង សុំគោលការណ៍តាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន៕






