គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ ៦ទីតាំង នៅទីតាំងផ្សារចិន នៅខណ្ឌចំការមន

(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦, លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ដោយសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ ចំនួន៦ទីតាំង នៅទីតាំងផ្សារចិន ផ្លូវ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនជាតិចិន ២នាក់ ដែលស្នាក់នៅគ្មានលិខិតឆ្លងដែន។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា លោក ឃួង ស្រេង បានណែនាំលោក និងលោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់ នូវរាល់បទល្មើសផ្សេងៗ រាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានរបស់ខ្លួន។

You might also like