ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង ខណៈក្មេងប្រុសចំនួន៥នាក់នាំគ្នាទៅលេងទឹកនៅរណ្តៅដីមួយកន្លែង បណ្តាលឱ្យក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង ខណៈក្មេងប្រុសចំនួន៥នាក់នាំគ្នាទៅលេងទឹកនៅរណ្តៅដីមួយកន្លែង បណ្តាលឱ្យក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបាននាំគ្នាទៅលេងទឹកជាមួយមិត្តភក្តិ ប៉ុន្តែជាអកុសលបានជួបគ្រោះថ្នាក់លង់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ខណៈមិត្តភក្តិមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕






