យុវជនម្នាក់កាន់កាំបិតផ្គាក់ និងចំពាម ថតបង្ហោះលើ Tik Tok ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រោយពីក្មេងទំនើងរូបនោះកាន់កាំបិតផ្គាក់ និងបង្ហាញការបាញ់ចំពាម ថតបង្ហោះលើបណ្ដាញសង្គម Tik Tok សង្ស័យចង់បង្អួតនិងដើម្បីសាងភាពល្បីល្បាញនិងមានអ្នកចូលមើលច្រើន។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា នៅមុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនក្មេងទំនើងខាងលើនេះគឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មានគណនី Tik Tok ឈ្មោះ Ah Den បានបង្ហោះរូបភាពកាន់កាំបិតផ្គាក់ និងកាន់ចំពាមបាញ់ ដោយពុំបានសរសេរខ្លឹមសារអ្វីឡើយ ដោយថតចំណុចស្វាយអន្ទ្រង់ស្ថិតក្នុងភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ហើយចែកចាយលើបណ្តាញសង្គមមានអ្នកចូលមើល និងចែករំលែកបន្ត។
បន្ទាប់ពីបានឃើញការចែកចាយរូបភាពនេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ នៅវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាំងសំរោង បានហៅឈ្មោះ គូរ វ៉ាន់ដែន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកសាកសួរ។ យុវជនខាងលើបានឆ្លើយសារភាពថារូបខ្លួនពិតជាបាន ថតរូបភាពកាន់កាំបិតផ្គាក់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ពិតប្រាកដមែន ហើយទើបយកមកបង្ហោះលើបណ្ដាញសង្គមតិចតុក(Tik Tok )កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ចង់សាងភាពល្បីល្បាញ និងមានអ្នកចូលមើលច្រើន ហើយត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ ខ្លួនយុវជនខាងលើនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕






