អាមេរិក និងអ៊ីរ៉ង់ វាយប្រហារដាក់គ្នាជាថ្មី ក្នុងការដុតបញ្ឆេះភាពតានតឹងចុងក្រោយនៅតំបន់ឈូងសមុទ្រ
យោធាអាមេរិកបាននិយាយថា កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងរ៉ាដាតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ៦ មិថុនា បន្ទាប់ពីបានបាញ់ទម្លាក់យានដ្រូនដែលបាញ់ដោយអ៊ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz នៅក្នុងការកើនឡើងភាពតានតឹងចុងក្រោយដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។
មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអាមេរិកជឿថា យានដ្រូនរបស់អ៊ីរ៉ង់ទាំងបួនគ្រឿងកំពុងតម្រង់គោលដៅលើចរាចរណ៍ដែនសមុទ្រក្នុងតំបន់។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅលើបណ្ដាញសង្គម X ថា បន្ទាប់មកសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងឃ្លាំមើលរបស់អ៊ីរ៉ង់នៅទីក្រុង Goruk និងកោះ Qeshm ដែលទាំងពីរនៅលើច្រកសមុទ្រ Hormuz ។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានបំបែកបទឈប់បាញ់កាលពីថ្ងៃទី ៨ ខែមេសា ដោយបន្ថែមថាការរំលោភបែបនេះម្តងហើយម្តងទៀតបង្ហាញថាទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាកាត់បន្ថយភាពតានតឹងនោះទេ។ ប្រទេសនេះបានព្រមានថាសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពខុសច្បាប់របស់ខ្លួន និងការកើនឡើងបន្ថែមទៀត។ចំណែកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឯណោះវិញបាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត និងបារ៉ែន ជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងបានបាញ់ទៅលើនាវាដឹកប្រេងចំនួនបួន ដែលប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រដោយគ្មានការអនុញ្ញាត។
កងទ័ពរបស់កូវ៉ែតបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់មីស៊ីលផ្លោង៧គ្រាប់ ដែលបានហោះកាត់តំបន់លំនៅឋាន បណ្តាលឱ្យមានការខូចខាតសម្ភារៈ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ នៅបារ៉ែន ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង ហើយអ្នកស្រុកត្រូវបានជំរុញឱ្យស្វែងរកទីជម្រកមានសុវត្ថិភាព៕






