កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគូលែន
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកគូលែន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគូលែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិក សមាជិកាគណបក្សថ្នាក់ស្រុក និងឃុំជាច្រើនរូប នៅស្នាក់ការគណបក្សស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម សួស សុខដារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សស្រុកដែលបានប្តេជ្ញាចិត្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និង គោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើសកម្មភាពចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តមបន្តថា សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានយ៉ាងច្រើនមកនេះ សមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយរូបភាពទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្ដល់នូវជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំរាជរដ្ឋាភិបាល។ បន្ថែមពីនេះក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ បញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលា។






