នារីម្នាក់ បើករថយន្តទៅបុកអ្នកដេីរហាត់ប្រាណ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់នេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្រោយពេលដើរហាត់ប្រាណក៏មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200T បើកដោយនារីម្នាក់ក្នុងល្បឿនលឿនទៅបុកយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ ហើយរថយន្តបន្តទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ ។
មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS NX200T ពណ៌ស មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BP-5191 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុកបុរសម្នាក់ដែលកំពុងតែដើហាត់ប្រាណបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបន្តទៅបុកផ្ទប់ដើមឈើទៅមុខលែងរួច រីឯនារីជាអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាយចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែក ឯសព ជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕






