គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់

(ម៉ានីល)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិ៧,៨រ៉ិចទ័រ នៅភាគខាងត្បូង បានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៥នាក់ ហើយ១២៩នាក់ផ្សេងទៀត បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។
រញ្ជួយដីខាងលើបានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ កៀកនឹងកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបណ្តាលឱ្យអគារជាច្រើនខ្នងបាក់ស្រុត និងបង្កការព្រមានអំពីរលកស៊ូណាមិញនៅទូទាំងតំបន់។ ក្រោយរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រដំបូងនោះ ក៏មានការញ័ររញ្ជួយមួយចំនួនទៀត នៅម្តុំចំណុចដដែលផងដែរ ក្នុងនោះរំញ័រធំជាងគេ គឺកម្រិត៦,៥រ៉ិចទ័រ។ វីដេអូបង្ហាញពីទិដ្ឋភាពអគារដួលរលំ ក៏ដូចជាមនុស្សម្នាភ័យស្លន់ស្លោ ដោយសារតែហេតុការណ៍រញ្ជួយដីនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។
គួរបញ្ជាក់ថា​ ភាគខាងកើតកោះ Mindanao កាលពីខែតុលា ឆ្នាំ២០២៥ ធ្លាប់បានរងគ្រោះរញ្ជួយដី២ផ្ទួនគ្នា គឺកម្រិត៧,៤រ៉ិចទ័រ និង៦,៧រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោច៨នាក់។ ហេតុការណ៍នោះទៀតសោត គឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀត កម្រិត៦,៩រ៉ិចទ័រ នៅប៉ុន្មានថ្ងៃមុននោះ ដែលបានផ្តាច់ជីវិតមនុស្ស៧៦នាក់ ហើយបង្កការខូចខាត ឬបំផ្លាញលំនៅដ្ឋានប្រមាណ ៧២ ០០០ខ្នងនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន៕

You might also like