រថយន្តខុសបច្ចេកទេស ដែលចាប់បាននៅកំពង់ឆ្នាំង មិនទាន់បានយកចេញ បង្កក្តីបារម្ភដល់អ្នកធ្វើដំណើរ

កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ រថយន្តយីឌុបភ្លៅ៥ ខុសលក្ខណៈបច្ចេកទេស ចំនួន៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចាប់ឃាត់កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ មានរយ:ពេល៥ថ្ងៃហើយ មិនទាន់ត្រូវបានដឹកយកចេញពីទីតាំងដើមនៅឡើយទេ ដោយបន្តចតនៅតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌។
ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ បានសម្តែងការព្រួយបារម្ភថា ការទុករថយន្តទាំងនោះនៅលើចិញ្ចើមផ្លូវ ឬជាប់ផ្លូវសាធារណៈ អាចបង្កការរំខានដល់ការធ្វើដំណើរ និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលយប់ ឬក្នុងស្ថានភាពដែលអ្នកបើកបរមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់ ដោយសាររថយន្តទាំងនោះមានទំហំធំ និងមានប្រវែងវែងជាងរថយន្តធម្មតា ម្យ៉ាងធ្វើអោយបាត់បង់សោភ័ណភាពតាមផ្លូវក្នុងក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌។ ជុំវិញករណីនេះ មហាជនក៏បានចោទជាសំណួរផងដែរថា ហេតុអ្វីបានជារថយន្តខុសលក្ខណៈបច្ចេកទេសទាំងនោះ មិនទាន់ត្រូវបានអូសយកទៅអនុវត្តនីតិវិធីបន្ត ដូចជាការកាត់ទ្រុង ឬចាត់វិធានការតាមច្បាប់ដូចករណីកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រុមការងារចម្រុះបង្ក្រាបរថយន្តខុសលក្ខណៈបច្ចេកទេស មិនទាន់ទទួលយករថយន្តទាំង៥គ្រឿងពីកងរាជអាវុធហត្ថនៅឡើយទេ ដូច្នេះនីតិវិធីបន្តនៅមិនទាន់អាចអនុវត្តបាន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការអនុវត្តនីតិវិធី និងដឹកជញ្ជូន គួរតែយករថយន្តទាំងនោះចេញពីទីតាំងបច្ចុប្បន្ន ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ៕

You might also like