ម្ចាស់ម៉ូតូម្នាក់ ដាក់ពាក្យប្តឹងម្ចាស់ហាងបញ្ចាំ «សេងពិសិដ្ឋ ផនសប» នៅក្រុងតាខ្មៅ ពីបទទទួលផលចោរកម្ម

(កណ្តាល)៖ យុវជន អាត រតនៈ អាយុ២០ឆ្នាំ ជានិស្សិតម្នាក់ រស់នៅផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានដាក់ពាក្យប្តឹងទៅអធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយចោទប្រកាន់ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ ម្ចាស់ហាងទទួលបញ្ចាំយីហោ «សេងពិសិដ្ឋ ផនសប» ពីបទ «ទទួលផលចោរកម្ម»
នៅក្នុងពាក្យបណ្តឹងរប​ស់យុវជន អាត រតនៈ ដែលភ្នាក់ងារព័ត៌មាន  ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ០៩និង០០នាទី មានឈ្មោះ ឆន សុធីន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ បានសុំខ្ចីម៉ូតូរបស់គាត់ម៉ាក Honda C125 ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម ១AA-7546 នៅចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយនិយាយប្រាប់ថាខ្ចី ទៅទិញអីញ៉ាំមួយភ្លែត ហើយក៏ជិះយកទៅបាត់រហូតតែម្តង។
លុះមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោយដឹងថាជននេះស៊ីដាច់ម៉ូតូរបស់ខ្លួន លោកបានប្តឹងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ធ្វើការឃាត់ខ្លួនឈ្មោះ ឆន សុធី បានរួចយកមកសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់។ នៅពេលសាកសួរឈ្មោះ ឆន សុធីន បានឆ្លើយសារភាពថា ម៉ូតូដែលបានខ្ចីនោះ បានយកទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងមានយីហោ «សេងពិសិដ្ឋ ផនសប» ស្ថិតនៅក្នុងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្នុងតម្លៃ២៥០ដុល្លារ។
លុះ៣ថ្ងៃក្រោយមកឈ្មោះ ឆន សុធីន បានលក់ផ្ដាច់ឲ្យទៅហាងបញ្ចាំយីហោ «សេង ពិសិដ្ឋ» ក្នុងតម្លៃ១២៨០ដុល្លារតែម្ដង។
ក្រោយសាកសួររួច នគរបាលប៉ុស្តិ៍កំពង់សំណាញ់បានបញ្ជូនឈ្មោះ ឆន សុធីន ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តទៀត ហើយនគរបាលក្រុងតាខ្មៅក៏បានកសាងសំណុំរឿងបញ្ជូនឈ្មោះ ឆន សុធីន ទៅកាន់តុលាការ រួចតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន។
តែរហូតមកដល់ពេលនេះ ម៉ូតូរបស់លោកដែលម្ចាស់ហាងបញ្ចាំ យកលក់ទៅឲ្យអ្នកផ្សេងទៀតនោះ មិនទាន់ត្រូវបានរកឃើញ និងយកត្រឡប់មកវិញនោះទេ។ អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ករណីនេះលោកបានបញ្ជូនទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលរួចហើយ។
ម្ចាស់ម៉ូតូបាននិយាយថា លោកមិនចង់វែងឆ្ងាយនោះឡើយ លោកសុំតែម៉ូតូរបស់គាត់មកវិញ ឬថវិកាចំនួន១២៥០ដុល្លារ ដើម្បីយកទៅទិញម៉ូតូមួយទៀត សម្រាប់ជិះទៅរៀនតែសម្រាប់ដំណោះស្រាយរហូតមកដល់ពេលនេះ មិនមានសម្រាប់លោកឡើយ៕

You might also like