ប្រតិបត្តិការ៨ថ្ងៃ មន្ត្រីជំនាញនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដកហូតឈើជាង ៤ម៉ែត្រគូប និងមធ្យោបាយជាច្រើន

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង។ប្រតិបត្តិការនេះប្រើពេលអស់ ៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ។
សេចក្តីរាយការណ៍ដែលអង្គភាពខ្លីខ្លឹមទទួលបានឲ្យដឹងថា នៅថ្ងៃទី០១ មិថុនា ក្នុងពេលចុះល្បាតដល់ចំណុចដៃអូរជាវ (តាមបណ្តោយផ្លូវ៧៧) មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាចំនួន ១១នាក់ កំពុងបើកបរគោយន្តកន្ត្រៃសណ្តោងរម៉កចំនួន ០៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំ។ នៅពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានបើកគោយន្តគេចខ្លួនរហូតដល់ចំណុចត្រពាំងកណ្តោល (និយាមកា 707247, 1431024)។ ដោយសារស្ថានភាពផ្លូវផុងខ្លាំង ក្រុមជនសង្ស័យបានស្រាយខ្សែពួរទម្លាក់ឈើចោល ហើយបានបន្សល់ទុកម៉ូតូម៉ាក Wave ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង (សម្រាប់ជិះមើលផ្លូវ) រួចបើកគោយន្តបន្តទៅមុខ។
មន្ត្រីជំណាញបានដេញតាមរហូតដល់ចំណុចស្រែប៉ាង (និយាមកា 712723, 1436948) ក៏រកឃើញគោយន្តកន្ត្រៃចំនួន ០៣គ្រឿង ដែលជនល្មើសយកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក គោយន្ត ០១គ្រឿងទៀត បានរត់គេចរួច ដោយសារកម្លាំងមន្ត្រីមានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។ វត្ថុតាងគោយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។
សេចក្តីរាយការណ៍បន្តថា នៅថ្ងៃទី០២-០៤ មិថុនា ក្រុមការងារបានដាក់កម្លាំងយាមកាមឈើនៅនឹងកន្លែងយ៉ាងតឹងរ៉ឹង រួចបន្តដឹកជញ្ជូនវត្ថុតាងឆ្ពោះទៅកាន់ទីស្នាក់ការ។ ទោះបីជាមានការរអាក់រអួលដោយសារមធ្យោបាយដឹកជញ្ជូនខូចនៅចំណុចស្លាកដែកក៏ដោយ ក៏នៅថ្ងៃទី០៤ មិថុនា ឈើល្មើសទាំងអស់ត្រូវបានដឹកមកដល់ទីស្នាក់ការកណ្តាលរយ៉លើដោយសុវត្ថិភាព។ហើយនៅថ្ងៃទី០៥-០៧ មិថុនា មន្ត្រីជំនាញបានបន្តរុករកគោយន្ត ០១គ្រឿងដែលនៅសេសសល់ តែរកមិនឃើញ។ បន្ទាប់មកបានរៀបចំកន្លែងទុកដាក់ និងធ្វើការវាស់វែងឈើជាក់ស្តែង។ ជាលទ្ធផល ឈើអារប្រភេទសុក្រំដែលដកហូតបានមានចំនួនសរុប ១៥០កំណាត់ ស្មើនឹង ៤,៣៦១ ម៉ែត្រគូប។
ចំណែកនៅថ្ងៃទី០៨ មិថុនា ក្រុមកម្លាំងជំនាញបានបន្តល្បាតរហូតដល់ចំណុចដៃអូររពើ ដោយពុំបានរកឃើញបទល្មើសធនធានធម្មជាតិអ្វីផ្សេងទៀតឡើយ។ចំពោះមធ្យោបាយ និងវត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ហើយមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ កំពុងតែរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

You might also like