មន្ទីរសុខាភិបាលខេត្តកំពង់ធំ មិនបានចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ

(ភ្នំពេញ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ បានចេញមកច្រានចោល និងបញ្ជាក់ថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត មិនបានចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន នៅភូមិស្នេ ឃុំកំពង់ថ្ម ស្រុកសន្ទុក ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។ នេះបើយោងតាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។

ការចេញមកបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ដោយឃើញមានការចុះផ្សាយ និងចែកចាយបន្តលើបណ្តាញសង្គមមួយចំនួនថាមានមន្ត្រីសុខាភិបាលម្នាក់ ចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូឈ្មោះ ដាំ ជឿន ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមរយៈសេចក្តីបំភ្លឺមន្ទីរសុខាភិបាលខេត្តកំពង់ធំដដែល បានបញ្ជាក់ថា ការនេះគឺជាការអនុវត្តលើសពីគោលការណ៍ដែលមន្ទីរសុខាភិបាលបានណែនាំ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ មានគោលការណ៍ចុះជួយពិនិត្យតម្រែតម្រង់ការពារសុខភាពសុវត្ថិភាពបងប្អូនអ្នកជំងឺគ្រប់មូលដ្ឋានសុខាភិបាល។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ បានគូសញ្ជាក់ថា​ ដូច្នេះលោកគ្រូ ដាំ ជឿន នៅតែបន្តទទួលបងប្អូនដែលធ្លាប់មករកសេវាបុរាណជាធម្មតា។ មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល នៅតែត្រៀមទទួលថែទាំព្យាបាលជូនបងប្អូនអ្នកជំងឺ។ ក្នុងករណីនៅមានចម្ងល់បន្ថែមផ្សេងៗសូមទំនាក់ទំនងមកផ្ទាល់នៅមូលដ្ឋានសុខាភិបាលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ៕

You might also like