រដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារ ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន
រដ្ឋាភិបាលប្រទេសជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ $ (ប្រាំបួនរយពាន់ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។
ចំណែកឯរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ $ (ពីររយ ហាសិបពាន់ដុល្លារអាមេរិក) ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្ត អនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។
គួរជម្រាបជូនថា អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុកមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់។
ថ្លែងនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន លើកឡើងអំពីផលប៉ះពាល់នៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជា តម្លៃមនុស្សជាតិផងដែរ៕ ដោយ៖ កន ចំណាន រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ







