សេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឆ្លើយតបចំពោះការលើកឡើងនៅតាមបណ្ដាញសង្គម ពាក់ព័ន្ធការអនុវត្តនីតិវិធីរបស់កម្លាំងជំនាញរបស់នាយកដ្ឋាន !
ភ្នំពេញ ៖ កន្លងទៅថ្មីៗនេះ មានគណនីហ្វេសបុកឈ្មោះ Sovan Chanda បានបង្ហោះវីដេអូរៀបរាប់អំពីការអនុវត្តនីតិវិធីរបស់កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា ឈ្មោះ អ៊ុត អេន ហៅ សុវណ្ណ ចិន្ដា បានរងបណ្ដឹងពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ ក្រោយទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ុត អេន ហៅ សុវណ្ណ ចិន្ដា ចំនួន៣លើក ប៉ុន្ដែឈ្មោះនេះមិនបានចូលខ្លួនមកបំភ្លឺនោះឡើយ។
បន្ទាប់ពីបំពេញនីតិវិធីចប់សព្វគ្រប់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើសំណើទៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សុំដីកាបញ្ជាឲ្យចូលខ្លួនលើឈ្មោះ សុវណ្ណ ចិន្តា។ លុះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យអនុវត្តដីកា បាននាំខ្លួនឈ្មោះ សុវណ្ណ ចិន្ត តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ១៧៩ អយក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ មកធ្វើការសាកសួរពាក់ព័ន្ធករណីខាងលើ។
បន្ទាប់ពីបំភ្លឺរួច ឈ្មោះ សុវណ្ណ ចិន្តា រួមជាមួយមេធាវីតំណាងរបស់ដើមបណ្តឹង សម្របសម្រួលគ្នា រហូតភាគីទាំងពីរឈានដល់មានការព្រមព្រៀងគ្នាដើម្បីបញ្ចប់រឿង ដោយឈ្មោះ សុវណ្ណ ចិន្តា ទទួល ស្គាល់កំហុសហើយយល់ព្រមធ្វើលិខិតសុំទោសជាសាធារណៈ និងលុបរូបភាព វីដេអូ ទាំងអស់ដែលបានបង្ហោះជេរប្រមាថ មើលងាយចោទប្រកាន់ដើមបណ្ដឹង លើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ នាំឲ្យមហាជនមានការយល់ច្រលំ និងយល់ព្រមសងសំណងជំងឺចិត្តជាប្រាក់ទៅឲ្យដើមបណ្តឹងតាមរយៈមេធាវី។
ក្នុងការធ្វើកិច្ចព្រមព្រៀង និងប្រគល់ទទួលប្រាក់សំណងខាងលើ គឺឈ្មោះ សុវណ្ណ ចិន្តា និងបងប្រុសគាត់ឈ្មោះ សម្បត្តិ ជាអ្នកប្រគល់ប្រាក់ទៅឲ្យមេធាវីរបស់ដើមបណ្ដឹងផ្ទាល់ ហើយធ្វើកិច្ចព្រមព្រៀង និងដកពាក្យបណ្តឹង លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន មិនជាប់ពាក់ព័ន្ធក្នុងការសម្របសម្រួល ឬការប្រគល់ទទួលប្រាក់រវាងភាគីខាងឈ្មោះ សុវណ្ណ ចិន្តា និងមេធាវីរបស់ដើមបណ្ដឹងឡើយ។ នៅពេល មេធាវីរបស់ដើមបណ្ដឹងធ្វើកិច្ចព្រមព្រៀងជាមួយភាគីឈ្មោះ សុវណ្ណ ចិន្តា និងឯកភាពដកពាក្យបណ្ដឹងរួច ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យឈ្មោះ សុវណ្ណ ចិន្តា ត្រលប់ទៅផ្ទះវិញ រួចឲ្យបញ្ចូនសុំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
ចំពោះមុខនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបើកការស្រាវជ្រាវចំពោះការអនុវត្តនីតិវិធីជំនាញរបស់លោកឧត្តមសេនីយ៍ត្រី ព្រំ សាវឿន និងប្រគល់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យសម្រេច។ ទាក់ទិនករណីនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន ដើម្បីទៅសាកសួរផងដែរ។ ក្នុងករណីរកឃើញថា លោកឧត្តមសេនីយ៍ត្រី ព្រំ សាវឿន ពិតជាបានប្រព្រឹត្តខុសនីតិវិធីជំនាញមែន នឹងអនុវត្តវិន័យកងកម្លាំង ព្រមទាំងវះកាត់សាច់ស្អុយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន៕






