អនុប្រធានទី១ CDC ស្នើសហព័ន្ធធុរកិច្ចជប៉ុន ជួយផ្សព្វផ្សាយសក្តានុពលកម្ពុជាដល់វិនិយោគិនជប៉ុន

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សហព័ន្ធធុរកិច្ចជប៉ុន ជួយដើរតួនាទីជាកាតាលីករ ក្នុងការផ្សព្វផ្សាយអំពី សក្តានុពលកម្ពុជា និងផ្សារភ្ជាប់វិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយលោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធ ធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង MS&AD Insurance Group Holdings, ក្នុងនោះឯកឧត្តម បានគូសបញ្ជាក់ពីតួនាទីដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុន សាជីវកម្មធំៗរបស់ជប៉ុន និងបានស្នើឱ្យសហព័ន្ធ Keidanren ជួយដើរតួនាទីជាកាតាលីករ ក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់ កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជារួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ទីតាំងភូមិសាស្រ្តដែលអំណោយផល, កម្លាំងពលកម្មវ័យក្មេងដ៏មាន សក្តានុពល, ច្បាប់ស្តីពីការវិនិយោគដែលមានលក្ខណៈបើកចំហ ផ្តល់ការលើកទឹកចិត្តខ្ពស់ និងមានភាពបត់បែន, ព្រមទាំងផែនការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការដាក់ចេញនូវវិធានការយ៉ាងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ការឆបោកតាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប, លោក Noriyuki Hara បានធ្វើការកត់សម្គាល់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម និងការពង្រឹងស្ថិរភាព នយោបាយរបស់កម្ពុជា និងគោលនយោបាយដ៏គួរឱ្យចាប់អារម្មណ៍ ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍លើកាលានុវត្តភាព វិនិយោគថ្មីៗ។ លោកបានបង្ហាញនូវសុច្ឆន្ទៈ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ ពីសក្តានុពលទីផ្សាររបស់កម្ពុជាផងដែរ។
នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល និងប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីជួបជុំទទួលទានអាហារពេលព្រឹក ដែល រៀបចំឡើង ដើម្បីទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅបំផុត ដោយលោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាផ្លាស់ ប្តូរមិត្តភាពអន្តរជាតិ (FEC)។ ពិធីជួបជុំទទួលទានអាហារនោះ ផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែង យល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំ ពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕

You might also like