រដូវកាលទុរេនឆ្នាំនេះ! ផ្លែទុរេនស្រស់កម្ពុជាប្រមាណ ២ ៤០០តោន ត្រូវបាននាំចេញទៅទីផ្សារចិនជាបន្តបន្ទាប់
ភ្នំពេញ៖ សម្រាប់រដូវកាលទុរេន ឆ្នាំ២០២៦ ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង និងសហគមន៍ទុរេនបែកអន្លូង បានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេសចិនប្រមាណ ២ ៤០០តោន បន្ទាប់កម្ពុជា-ចិន បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា កសិផលដ៏មានសក្តានុពលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានទទួលសិទ្ធិនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំនៅលើពិភពលោក។ ជាក់ស្តែង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានផ្តល់វិញ្ញាបនបត្រកសិកម្មល្អ(CamGap) ដល់ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង ដើម្បីទីផ្សារនាំចេញទៅចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ម៉ុង ហេង គ្រុប ឯ.ក ក៏បានចុះកិច្ចសន្យាលក់ទុរេនស្រស់ទៅកាន់ទីផ្សាចិនចំនួន ២ ០០០តោន សម្រាប់រដូវកាលឆ្នាំ២០២៦ ដោយ ត្រូវបានដឹកជញ្ជូនតាមរថយន្តពីកម្ពុជាទៅចិន។
ចំណែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ទុរេនស្រស់របស់សហគមន៍ទុរេនបែកអន្លូង បាននាំចេញទៅកាន់ទីផ្សារចិនបានប្រមាណ ៤០០តោន ហើយការនាំចេញនឹងធ្វើឡើងជាបន្តបន្ទាប់។ លោកសង្កេតឃើញថា ឆ្នាំនេះ ប្រទេសចិនបានបញ្ជាទិញទុរេនស្រស់ពីកម្ពុជាច្រើនជាងមុន ខណៈទិន្នផលទុរេនក្នុងសហគមន៍របស់លោកកើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំទៅ។
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កនន្លងទៅ គយនៃប្រទេសចិនបានសម្រេចអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» ទៅកាន់ទីផ្សាររបស់ប្រទេសចិន។ គយចិនបានតម្រូវឱ្យការនាំចូលផ្លែទុរេន គឺត្រូវតែមានប្រភពមកពីប្រទេសកម្ពុជា ដោយមានការគោរពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវរបស់ប្រទេសចិន។
របាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ១៦ម៉ឺនហិកតា និងផ្តល់ផលចំនួនជាង ១៣ម៉ឺនតោន។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញកសិផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងក្រអូប, និងទុរេនស្រស់៕






