សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ
(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចនឹងជួយរដ្ឋាភិបាលលើការផលិតនូវសម្ភារៈដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិបន្តទៀត ដោយសម្តេចបញ្ជាក់ថា កម្ពុជាធ្លាប់ធ្វើដល់អង្គរវត្ត ដូចនេះសម្រាប់ការផលិតនូវសម្ភារៈលើវិស័យការពារជាតិ និងសន្តិសុខជាតិមិនមែនជាការលំបាកសម្រាប់ខ្មែរជំនាន់ក្រោយនេះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច បានអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហ៊ុន សែន នឹងឈានទៅជួយរដ្ឋាភិបាល លើបញ្ហាផលិតនូវសម្ភារៈដទៃទៀតដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិ យើងនឹងធ្វើឱ្យបាន កម្ពុជាធ្លាប់ធ្វើដល់អង្គរវត្តនោះ ដូចនេះធ្វើប៉ុណ្ណឹងមិនមែនជាការលំបាកសម្រាប់ខ្មែរជំនាន់ក្រោយនេះទេ យើងមិនទុកឱ្យអ្នកណាមើលងាយយើងនោះទេ មិនទុកឱ្យអ្នកណាប្រមាថយើងទេ យើងមានសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គោលដៅកម្ពុជា សម្រាប់សម្ភារៈយោធា ត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស ដោយសម្តេចបញ្ជាក់ថា មកដល់ពេលនេះយើងកំពុងតែសិក្សា និងធ្វើការវិនិយោគផលិតនូវផ្នែកផ្សេងៗទៀតដែលទាក់ទងនឹងវិស័យការពារជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀងថា ចំពោះការវិនិយោគផលិតនូវផ្នែកផ្សេងៗទៀតដែលទាក់ទងនឹងវិស័យការពារជាតិនេះ សម្តេចមិនបញ្ជាក់ថាជាអ្វីនោះទេ ប៉ុន្តែមធ្យោបាយដើម្បីការពារជាតិ មធ្យោបាយដើម្បីធ្វើសង្គ្រាមការពារជាតិ ត្រូវតែមានគ្រប់គ្រាន់ និងមានសមត្ថភាពផលិត ហើយដរាបណានៅមានសម្តេច គឺសម្តេចនៅតែជួយរដ្ឋាភិបាលលើវិស័យការពារជាតិ ក្នុងផ្នែកការផ្គត់ផ្គង់ក្របខណ្ឌភស្តុភា៕






