សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង និង ប៉ៃលិន

(បាត់ដំបង)៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៦រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ និងឧត្តរមានជ័យ។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តបាត់ដំបង ស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា មានផ្ទៃដីសរុប ១១ ៦៣១,២១គីឡូម៉ែត្រក្រឡា ចែកចេញជា១៤ក្រុង ស្រុក មាន១០៣ឃុំ សង្កាត់ ស្មើនឹង ៨៤២ភូមិ។ ប្រជាជនសរុបមានចំនួន ៣០៤ ៣៥៤គ្រួសារ ស្មើនឹង ១ ៣៤៤ ៣២៣នាក់ ក្នុងនោះស្ត្រីមានចំនួន ៦៨៣ ២៩២នាក់។
ពាក់ព័ន្ធសេដ្ឋកិច្ចវិញ នៅឆ្នាំ២០២៥ ខេត្តបាត់ដំបង មានទំហំសេដ្ឋកិច្ចប្រមាណ ១៤ ៥១៦ ៧៤៣,១លានរៀល ស្មើនឹង ៣ ៦១៨,៣លានដុល្លារ។ ក្នុងនោះវិស័យកសិកម្មគ្របដណ្តប់​ខ្ពស់​ជាង​គេ គឺមាន ៦២,៣២ភាគរយ វិស័យសេវាកម្ម មានទំហំ ២២,២៦ភាគរយ និងវិស័យ​ឧស្សា​ហកម្ម​មានទំហំ ១៥,៤២ភាគរយ។ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំមាន ២ ៥៦៣ដុល្លារ។
ខេត្តបាត់ដំបង មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប និងខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ​ ​ប្រវែង ១៤៤,៨គីឡូម៉ែត្រ (ជាប់ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ) មានបង្គោលសីមាចំនួន ១៣បង្គោល (បង្គោលលេខ៥២-៦២ និង៦៩, ៧០)។
ខេត្តបាត់ដំបង មានច្រកទ្វារព្រំដែនចំនួន៥ច្រក គឺច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងមានច្រក​ទ្វារ​​តំបន់ព្រំដែនចំនួន៣ច្រក។
ដោយឡែកខេត្តប៉ៃលិន ជាខេត្តមួយទើបទទួលបានសន្តិភាពពេញលេញក្រោយគេ នៅឆ្នាំ១៩៩៨ ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា មានចម្ងាយ ៣៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំ​ប្រទល់ខាងកើត ខាងជើង និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងខាងលិចជាប់នឹងប្រទេសថៃ
ដែលមានខ្សែបន្ទាត់ព្រំដែនប្រវែង ៥៣,២គីឡូម៉ែត្រ ចាប់ពីបង្គោលឡាក់លេខ៦២ ដល់លេខ៦៨។
ខេត្តប៉ៃលិន មានផ្ទៃដីសរុបចំនួន ១ ១៩៥,១៨គីឡូម៉ែត្រក្រឡា ចែកចេញជាក្រុង១ និងស្រុក១ មាន ៨ឃុំ-សង្កាត់ និង ៩៣ភូមិ។ មានផ្លូវជាតិសដ្ឋកិច្ចចំនួន ២ខ្សែ គឺផ្លូវជាតិលេខ៥៧ និងលេខ​៥៩ និងមានស្ទឹងចំនួន៣ គឺស្ទឹងភ្នំដំបង ស្ទឹងប៉ៃលិន និងស្ទឹងកុយ។ ប្រជាពលរដ្ឋ រស់នៅសរុប​ចំនួន ២០ ០៣៧គ្រួសារ ស្មើនឹង ៨៤ ៦២៣នាក់ ស្រី ៤២ ៣១៥នាក់៕

You might also like