ភ្លៀង និងរលករញ្ជួយ រំខានដល់ការសង្គ្រោះ ខណៈអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅហ្វីលីពីនឡើងដល់ជាង៥០នាក់
ក្រុមអ្នកជួយសង្គ្រោះកំពុងតតាំងនឹងភ្លៀងធ្លាក់ និងរលករញ្ជួយជាច្រើន ដើម្បីសម្អាតផ្លូវ និងស្វែងរកអ្នកបាត់ខ្លួនក្នុងប្រទេសហ្វីលីពីនភាគខាងត្បូងនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
ក្រុមអាជ្ញាធរបាននិយាយនៅព្រឹកថ្ងៃសុក្រ ១២មិថុនា សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូងកោះមីនដាណាវ (Mindanao) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកើនឡើងដល់ ៥៥ នាក់ ខណៈមនុស្សជាង ១.១០០ នាក់ត្រូវបានរាយការណ៍ថារងរបួស។
គ្រោះរញ្ជួយដីនេះ បានបណ្ដាលឲ្យអគារជាច្រើនដួលរលំ និងមានបំណាក់ដី ខណៈចេញការព្រមានរលកយក្សស៊ូណាមិទូទាំងតំបន់។
យោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) មនុស្សសរុបចំនួន ១.១២០ នាក់បានរងរបួស ខណៈមនុស្ស ៣១ នាក់នៅតែបាត់ខ្លួន។
ប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងរុករកនៅតែបន្តនៅក្នុងសហគមន៍នានាដែលរងគ្រោះខ្លាំងបំផុត។
មូលនិធិ Inquirer កំពុងអំពាវនាវឱ្យមានការគាំទ្រសម្រាប់សហគមន៍ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រថ្មីៗនេះដែលបានវាយប្រហារកោះមីនដាណាវ។
ក្នុងភាពជាដៃគូជាមួយកាកបាទក្រហមហ្វីលីពីន មូលនិធិនេះ កំពុងពង្រីកការអំពាវនាវរកអាហារ ទឹកស្អាត និងជំនួយសំខាន់ៗផ្សេងទៀតសម្រាប់គ្រួសារដែលរងផលប៉ះពាល់។
ក្រុមអ្នកបរិច្ចាគអាចផ្ញើវិភាគទានដោយផ្ទាល់ទៅកាកបាទក្រហមហ្វីលីពីន PRC តាមរយៈបណ្តាញផ្ទេរផ្លូវការរបស់ខ្លួន ដោយបញ្ជីពេញលេញអាចរកបាននៅលើទំព័រហ្វេសប៊ុករបស់ PRC៕






