ទឹកជ្រោះអូរតាំងឡាំង លាក់ខ្លួននៅមណ្ឌលគិរី បង្អួតសម្រស់ទឹកធ្លាក់ច្រើនជាន់នារដូវវស្សា
រដូវវស្សាកំពុងឈានចូលមកដល់! ទឹកជ្រោះអូរតាំងឡាំង ស្ថិតក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងបង្អួតសម្រស់ធម្មជាតិដ៏ទាក់ទាញ ជាមួយលំហូរទឹកធ្លាក់ជាច្រើនជាន់ និងទេសភាពព្រៃភ្នំបៃតងខៀវស្រងាត់ ដែលកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកាន់តែច្រើន។
មានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ទឹកជ្រោះអូរតាំងឡាំងត្រូវបានគេចាត់ទុកថា ជាគោលដៅទេសចរណ៍ធម្មជាតិមួយដែលនៅមិនទាន់មានអ្នកស្គាល់ទូលំទូលាយ ដូចទឹកជ្រោះប៊ូស្រានោះទេ។ ទោះជាយ៉ាងណា នៅពេលដែលអ្នកទៅដល់ទីតាំងទឹកជ្រោះអូរតាំងឡាំង នឹងបានឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទឹកធ្លាក់ ដែលអនុញ្ញាតឱ្យអ្នកមុជទឹកលេងកម្សាន្ត ហើយគយគន់សម្រសព្រៃភ្នំ ។
អ្នកស្រី លា ភា អាយុ៤១ឆ្នាំ រស់នៅក្រុងសែនមនោរម្យ បានប្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា នេះជាលើកដំបូងដែលអ្នកស្រី និងក្រុមគ្រួសារ បានមកទស្សនាទឹកជ្រោះអូរតាំងឡាំង បើទោះបីជារស់នៅខេត្តមណ្ឌលគិរីជិត២០ឆ្នាំមកហើយក៏ដោយ។ អ្នកស្រីបានលើកឡើងថា ទឹកជ្រោះនេះមានទេសភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ដោយទឹកហូរធ្លាក់ពីលើជម្រាលថ្មធម្មជាតិ បង្កើតជាសំឡេងរណ្ដំលាយឡំជាមួយបរិយាកាសព្រៃឈើដ៏ត្រជាក់ស្រួល។ ជាពិសេស នៅរដូវវស្សា បរិមាណទឹកកាន់តែច្រើន ធ្វើឱ្យទឹកជ្រោះមានភាពស្រស់ស្អាត និងអស្ចារ្យជាងមុន។
អ្នកស្រីអះអាងថា បច្ចុប្បន្នការធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះមានភាពងាយស្រួលជាងមុន ដោយផ្លូវភាគច្រើនអាចធ្វើដំណើរបានល្អ បើទោះបីជានៅមានផ្លូវមួយចំនួនតូចជិតដល់តំបន់ទឹកជ្រោះ ដែលមិនទាន់ស្ថាបនាពេញលេញក៏ដោយ។ អ្នកស្រី លា ភា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅទឹកជ្រោះអូរតាំងឡាំង ដើម្បីស្វែងយល់ពីសម្រស់ធម្មជាតិដ៏កម្រ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចសហគមន៍ក្នុងមូលដ្ឋានផងដែរ។
សម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរ ភ្លើងពណ៌ និងស្វែងរកកន្លែងសម្រាកលំហែកាយជាមួយធម្មជាតិដ៏ស្ងប់ស្ងាត់ ទឹកជ្រោះអូរតាំងឡាំងអាច ជាជម្រើសដ៏ល្អមួយ។ ទេសភាពទឹកធ្លាក់ ព្រៃឈើធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ បានធ្វើឱ្យទីតាំងនេះក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ខេត្តនេះមានតំបន់ទឹកជ្រោះធម្មជាតិសរុបចំនួន ១០៦កន្លែង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃផ្សេងៗ ខណៈទឹកជ្រោះប៊ូស្រា នៅតែជារមណីយដ្ឋានល្បីល្បាញជាងគេ។ ទោះជាយ៉ាងណា ទឹកជ្រោះអូរតាំងឡាំងដែលកំពុងបង្អួតសម្រស់ទឹកធ្លាក់ នឹងអាចក្លាយតំបន់កម្សាន្តដ៏ទាក់ទាញ់បែបធម្មជាតិ ហ៊ុំព័ទ្ធដោយព្រៃភ្នំ និងជ្រលងថ្មទឹកធ្លាក់ច្រើនជាន់៕






