នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណីលួច (ម៉ូតូ) កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ លី សុធា ហៅ ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
-ឈ្មោះ លឹម ខួច ហៅ ខួច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖ ដែកសំប៉ែតមុខស្រួចចំនួន ០១ដើម និងសោរទីបលេខ៨ ចំនួន០១ដើម(សម្រាប់កាច់សោរកម៉ូតូ) និងដាវដែកចំនួន២ដើម។
កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like