ឃាត់ជនសង្ស័យ០១នាក់ ករណីលួចមានស្ថានទម្ងន់ ទោស,គាស់ទម្លុះទម្លាយចំណុចបុរីពិភពថ្មី សង្កាត់រលួស ខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួនបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចបុរីពិភពថ្មី(កួរស្រូវ៣) ផ្លូវលេខ ៤B ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៣:០០នាទី ថ្ងៃត្រង់ (ម៉ោងនៅក្នុងកាំមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះលេខ១៨ បុរីពិភពថ្មីកួរស្រូវ ៣ ផ្លូវលេខ២១B ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ តុង ចាន់រ៉ា ហៅ( រ៉ា ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ ,មានសារធាតុញៀន) ស្នាក់នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ហុង វីរីយ៉ា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ(បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន) មានទីលំនៅផ្ទះលេខ១៨ បុរីពិភពថ្មីកួរស្រូវ៣ ផ្លូវលេខ២១B ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់មាន : ១-ស្ពីកឃ័រប្លូធូ ពណ៌ខៀវ ចំនួន ០១, ២- ស្បែកជើងចំនួន០១គូរ, ៣- កាំបិតប៉័ងតោ ចំនួន០១ ។ វត្ថុតាងចាប់យកមាន : ១- ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, ២- មេសោរម៉ាក SOLIX ពណ៌ទឹកមាស ចំនួន០១ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី ជនរងគ្រោះ ឈ្មោះ ហុង វីរីយ៉ា បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Scopy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1AJ-7772 ចេញពីផ្ទះលេខ១៨ បុរីពិភពថ្មីកួរស្រូវ៣ បានបិទទ្វារនិងចាក់សោរទ្វាផ្ទះត្រឹមត្រូវ ។ លុះរហូតដល់វេលាម៉ោង១៨:០០នាទី ល្ងាច (ថ្ងៃខែឆ្នាំដដែល )ជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកពីធ្វើការវិញ។ ពេលមកដល់ផ្ទះក៏បានឃើញសោរចាក់ទ្វាផ្ទះ របូតចេញ។ ជនរងគ្រោចូលទៅមើលក្នុងផ្ទះ ឃើញមានស្នាមរើកកាយ ហើយបាត់សម្ភារៈ និងទ្រព្យសម្បត្តិ មួយចំនួនដូចជា : – ស្ពីកឃ័រប្លូធូ ពណ៌ខៀវ ចំនួន០១, – ស្បែកជើងចំនួន០១គូរ ,- កាំបិតប៉័ងតោ ចំនួន០១ ។
ជនរងគ្រោះបានឆែកកាំមេរ៉ាសុវត្ថិភាពដែលបំពាក់នៅ ផ្ទះខាងលើ ក៏បានឃើញជនសង្ស័យ ឈ្មោះ តុង ចាន់រ៉ា ហៅ( រ៉ា )ធ្វើសកម្មភាពគាស់សោរទ្វាផ្ទះចូលលួចសម្ភារៈនិងទ្រព្យសម្បត្តិក្នុងផ្ទះទើបជនរងគ្រោះយកវីដេអូសកម្មភាពនៅក្នុងកាំមេរ៉ាសុវត្ថិភាពរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជា្រវឃាត់ ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្តង ។
លុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទីយប់ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ តុង ចាន់រ៉ា ហៅ( រ៉ា ) ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាង : -ទូរស័ព្ទម៉ាកOPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង បានត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ ផ្លូវលេខ៤B ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា : រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពគាស់សោរទ្វាផ្ទះចូលលួចសម្ភារៈ និងទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន!!!។
ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

You might also like