ពេជ្រ សោភា បកស្រាយពីមូលហេតុជុំវិញការបង្ហោះសារមានខ្លឹមសារផ្ដាំលាទៅកាន់អ្នកគាំទ្រ ចុងក្រោយ

តារាចម្រៀងស្រី ពេជ្រ សោភា បច្ចុប្បន្នអាចចាត់ទុកជាកំពូលតារាចម្រៀងស្រីរៀមច្បងមួយរូប ដែលជោគជ័យទាំងលើវិស័យសិល្បៈ និង ជីវិតឯកជន ដែលកន្លងមក មហាជនតែងចូលចិត្តតាមដានលើរឿងរ៉ាវផ្សេងៗរបស់នាង។  ប៉ុន្មានឆ្នាំក្រោយនេះ ដ្បិតតែ តារាចម្រៀងស្រី ពេជ្រ សោភា នៅតែរក្សាបានប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យចម្រៀង តែទាក់ទងនឹងរឿងរ៉ាវជីវិតឯកជន ក៏ដូចជាស្នេហាផ្សេងៗ អ្នកនាងហាក់ស្ងប់ស្ងាត់មិនសូវបង្ហាញដូចមុនឡើយ។

ស្របពេលកំពុងជោគជ័យទាំងការងារសិល្បៈ និង ជិវិតឯកជន ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមហាជនលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង មានការបារម្ភខ្លាំង ក្រោយឃើញការបង្ហោះមួយរបស់នាង ហាក់កំពុងបង្ហាញការបាក់ទឹកចិត្ត។ ក្នុងនោះ អ្នកនាង ពេជ្រ សោភា សរសេរសារមួយទៅកាន់អ្នកគាំទ្រដែលស្រឡាញ់នាង ក្នុងន័យចង់លាត្រៀមបែកគ្នាជារៀងរហូត ធ្វើឱ្យមហាជនភ្ញាក់ផ្អើលចូលបញ្ចេញមតិបារម្ភសួរនាំ និង ជួយលើកទឹកចិត្តដល់រូបនាងកុំឱ្យនិយាយពាក្យបែបនេះផងដែរ។
អ្នកនាង ពេជ្រ សោភា បានបង្ហោះលើហ្វេសប៊ុកថា  «អរគុណ អ្នកទាំងអស់គ្នាដែលស្រឡាញ់ខ្ញុំ មិនយូរទេពួកយើងនឹងបែកគ្នាជារៀងរហូត»។ ទោះជាមានការបង្ហោះក្នុងអត្ថន័យប្លែកបែបនេះក្ដី ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួនលើកឡើងថា ទាំងនេះអាចជាអត្ថន័យក្នុងបទចម្រៀងរបស់អ្នកនាងតែប៉ុណ្ណោះ។

ក្រោយបង្ហោះសារបែបនេះឡើង ក៏បានឃើញវីដេអូមួយដែលអ្នកនាង ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រម្នាក់បារម្ភសួរនាំអ្នកនាងជុំវិញរឿងនេះ ដល់លើឆាកតន្រ្តី ដោយក្នុងនោះ តារាចម្រៀងស្រីរូបនេះ បានបកស្រាយយ៉ាងភ្ញាក់ផ្អើលថា អ្នកនាងមានជំងឺប្រចាំខ្លួន ដែលការព្យាបាលរបស់នាង គឺមិនមានពេលវេលាច្បាស់លាស់ឡើយ គ្រាន់តែអ្នកនាងចង់ចងចាំ និង អរគុណទៅកាន់អ្នកស្រឡញ់គាំទ្រនាងទុកជាមុន។
អ្នកនាង ពេជ្រ សោភា ក៏ពុំបានប្រាប់ច្បាស់ពីស្ថានភាពជំងឺរបស់នាងឡើយ ដោយគ្រាន់តែប្រាប់មហាជនកុំទាន់បារម្ភ ខណៈពេលនេះ នាងមិនអីនោះទេ តែពេលណាដែលនាងឈឺធ្ងន់ចូលពេទ្យនាងនឹងប្រាប់មហាជនអ្នកគាំទ្រ៕

 

You might also like