ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារនៃប្រព័ន្ធធារាសាស្ត្រកំពង់គោ ត្រង់ចំណុចទំនប់ស្ទាក់ទឹកស្ទឹងសែន ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារនៃប្រព័ន្ធធារាសាស្ត្រកំពង់គោ ត្រង់ចំណុចទំនប់ស្ទាក់ទឹកស្ទឹងសែន ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មសំណង់ស្ទាក់ទឹកស្ទឹងសែននៃប្រព័ន្ធធារាសាស្ត្រកំពង់គោនេះ មានសារៈសំខាន់ក្នុងការទាញយកប្រភពទឹកពីតំបន់ខាងលើ (ខេត្តព្រះវិហារ) មកស្តុកទុកជាច្រើនលានម៉ែត្រគូប ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាកសិករ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យស្របតាមបរិបទប្រែប្រួលអាកាសធាតុ។ លើសពីនេះ ប្រព័ន្ធធារាសាស្ត្រនេះក៏មានតួនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ចៀសការជន់លិចទីរួមខេត្ត និងតំបន់ជុំវិញនាដូវវស្សាផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិ ដោយផ្ដោតសំខាន់លើសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់តាមផែនការកំណត់៕

You might also like