សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាញសារព័ត៌មានអន្តជាតិជាច្រើន
(ភ្នំពេញ)៖ ខណៈដែលពិភពលោកភាគច្រើនស្គាល់កម្ពុជា តែតាមរយៈប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត សៀវភៅដែលមានចំណងជើងថា «The Father Who Shielded and Never Left» សរសេរពីដំណើរដឹកនាំកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតទទួលបានសន្ដិភាពពេញលេញ គឺបានលាតត្រដាងពីសក្តានុពលពិតរបស់ប្រជាជាតិ និងផ្តល់នូវមេរៀនដ៏មានតម្លៃមិនអាច កាត់ថ្លៃបាននៃភាពជាអ្នកដឹកនាំ កំពុងផ្ទុះការចាប់អារម្មណ៍បណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោកជាច្រើន។
អស់ជាច្រើនទសវត្សរ៍មកហើយ ការយល់ឃើញរបស់សកលលោកចំពោះប្រទេសកម្ពុជា ជារឿយៗត្រូវបានមើលតាមរយៈមួយជ្រុង នៃសោកនាដកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ស្នាដៃថ្មីដ៏មានឥទ្ធិពលមួយរបស់លោកស្រី Fari ដែលជាអ្នកនិពន្ធ និងជាអ្នកសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ កំពុងជួយផ្លាស់ប្តូររបត់ នៃការសន្ទនាជាអន្តរជាតិ តាមរយៈការលាតត្រដាងឱ្យឃើញពីប្រជាជាតិមួយ ដែលមិនត្រឹមតែត្រូវបានកំណត់ដោយការឈឺចាប់ក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានកំណត់ដោយការផ្លាស់ប្តូររូបរាងថ្មីដ៏គួរឱ្យកត់សម្គាល់ក្នុងសម័យទំនើប និងស្មារតីរឹងមាំមិនចេះបោះបង់។
នៅក្នុងចំណុចស្នូល នៃសាច់រឿងនេះ គឺដំណើរនៃភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ សៀវភៅនេះបានរុករកយ៉ាងស៊ីជម្រៅអំពីរបៀបដែលទស្សនវិជ្ជា «ឈ្នះឈ្នះ» និងការប្តេជ្ញាចិត្តយ៉ាងមុតមាំយូរ អង្វែងចំពោះការរួបរួមជាតិ បានក្លាយជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ប្រទេសមួយដែលមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការធ្វើឱ្យសំឡេងកាំភ្លើង នៃជម្លោះត្រូវរលត់ទៅវិញ និងការតម្កល់សន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់ កម្ពុជាបានឈានជើងចេញពីយុគសម័យក្រោយសង្គ្រាម ឆ្ពោះទៅកាន់ជំពូកថ្មីនៃការអភិវឌ្ឍ ការវិនិយោគ និងការជឿជាក់ពីឆាកអន្តរជាតិ។
លើសពីការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ សៀវភៅនេះបានដើរតួជាករណីសិក្សាជាយុទ្ធសាស្ត្រសម្រាប់ថ្នាក់ដឹកនាំសកល អ្នករៀបចំគោលនយោបាយ អ្នកវិនិយោគ និងអ្នកអានទាំងឡាយណាដែលចង់ស្វែងយល់ថា តើសន្តិភាព និងស្ថិរភាពអាចបំប្លែងមុខមាត់របស់ប្រទេសជាតិមួយបានដោយរបៀបណា។ តាមរយៈទស្សនវិស័យរបស់អ្នកនិពន្ធ អ្នកអាននឹងបានរកឃើញនូវ «អំណាចទន់» (Soft Power) របស់កម្ពុជា ដែលជាការរួមបញ្ចូលគ្នាដ៏វិសេស វិសាលរវាងភាពធន់នៃវប្បធម៌ យុទ្ធសាស្ត្រការទូត ការរួបរួមជាតិ និងបរិយាកាសអំណោយផលដល់កំណើនសេដ្ឋកិច្ច ដែលបន្តទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគពីអន្តរជាតិ។
លោកស្រីអ្នកនិពន្ធបានថ្លែងថា៖ «ខណៈពេលដែលមនុស្សជាច្រើនស្គាល់កម្ពុជាត្រឹមតែប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត សៀវភៅនេះបានលាតត្រដាងពីសក្តានុពលពិតរបស់ប្រជាជាតិ និងផ្តល់នូវមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៃភាពជាអ្នកដឹកនាំ។ ដំណើររឿងរបស់កម្ពុជាបានសក្ដិសមជាភស្តុតាងបញ្ជាក់ថា ប្រទេសមួយអាចងើបឈរឡើងពីការបំផ្លិចបំផ្លាញ មកជាដែនដីមានស្ថិរភាព កិត្តិយស និងកំណើនសេដ្ឋកិច្ច នៅពេលដែលសន្តិភាពត្រូវបានចាត់ទុក ជាអាទិភាពខ្ពស់បំផុត។ រឿងរ៉ាវនេះមិនមែននិយាយតែពីអតីតកាលនោះទេ តែវាជារឿងរ៉ាវអំពីអនាគតដែលកម្ពុជាកំពុងបន្តកសាងឡើងជារៀងរាល់ថ្ងៃ»។
ក្នុងខណៈដែលពិភពលោកកំពុងធ្វើដំណើរឆ្លងកាត់យុគសម័យ នៃភាពមិនប្រាកដប្រជា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូររូបរាងថ្មីរបស់កម្ពុជាបានផ្តល់នូវគំរូដ៏កម្រមួយនៃការងើបឡើងវិញ ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែង។
តាមរយៈការកត់ត្រាទុកនូវប្រវត្តិសាស្ត្រនៃដំណើររបស់ «អ្នកមានគុណដែលជាខែលការពារ និងមិនដែលបោះបង់ចោល» (The Father Who Shielded and Never Left) សៀវភៅនេះបាននាំមកនូវការយល់ដឹងកាន់តែស៊ីជម្រៅ អំពីភាពជាអ្នកដឹកនាំ ការលះបង់ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដែលបានជួយការពារជាតិ និងបង្កើតបរិយាកាសមួយដែលធ្វើឱ្យការអភិវឌ្ឍ វិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគអាចរីកដុះដាល ឡើងយ៉ាងរឹងមាំ។
ការបោះពុម្ពផ្សាយនេះ កំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជា «សៀវភៅដែលមិនអាចរំលងបាន» សម្រាប់អស់អ្នកដែលប្រាថ្នាចង់ស្វែងយល់ពីស្មារតី នៃប្រជាជាតិដែលកំពុងងើបឡើង និងគោលការណ៍ដឹកនាំដែលបន្ត តម្រង់ទិសដៅកម្ពុជាឆ្ពោះទៅកាន់មហិច្ឆតានៃចក្ខុវិស័យឆ្នាំ២០៥០។ អ្វីដែលសំខាន់ជាងនេះទៅទៀត សៀវភៅនេះបានដាស់តឿន និងអញ្ជើញពិភពលោកឱ្យក្រឡេកមើលរំលងចំណងជើងព័ត៌មានចាស់ៗ ហើយមកស្វែងយល់ពីកម្ពុជាសម័យទំនើប ដែលកំពុងលេចត្រដែតឡើងជានិរន្តរភាព និងជាប្រជាជាតិដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន៕






