អតីតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលលោកបានទទួលការជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារពីលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ
អតីតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលលោកបានទទួលការជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារពីលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ ដែលកំពុងរស់នៅប្រទេសអាល្លឺម៉ង់ ក្នុងពេលដែលលោកកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ។ អតីតារាសម្តែងជើងចាស់រូបនេះ បានចាត់ទុកអំណោយជាថវិកាពីសំណាក់លោកជំទាវឧកញ៉ាខាងលើនេះ គឺជាអំណោយដ៏ច្រើនលើសលប់សម្រាប់លោក ហើយលោកពិតជាត្រេកអរយ៉ាងខ្លាំងដែលបានមើលឃើញពីភាពខ្វះខាតរបស់លោកនាពេលនេះ ។ លោកបញ្ជាក់ថា ការជួយឧបត្ថម្ភនេះធ្វើឲ្យលោកសប្បាយចិត្តលើសពេលណាៗទាំងអស់ ។
បើតាមលោក ច័ន្ទរិទ្ធ មេធានី អំឡងពេលនេះ អំណោយថវិកាចំនួន ១ម៉ឺនដុល្លាររបស់លោកជំទាវឧកញ៉ាបានមកដល់ដៃរបស់លោកហើយ ។ ដោយឡែក បន្ទាប់ពីបានឃើញវីដេអូរបស់អតីតតារាសម្តែងលោក ច័ន្ទរិទ្ធ មេធានី នាពេលនេះលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ បានបញ្ចេញសំណេរបង្ហោះលើបណ្តាញសង្គមថា នាងខ្ញុំក៏សូមអរគុណចំពោះការលះបង់ពេលវេលា កម្លាំងកាយ និងទេពកោសល្យ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏មានតម្លៃជូនសង្គមជាតិ ទោះបីជាពេលនេះបងបានចូលនិវត្តន៍ និងកំពុងជួបការលំបាកក្នុងជីវភាពក៏ដោយ សូមកុំបាត់បង់ក្តីសង្ឃឹម និងកម្លាំងចិត្ត ។
ស្នាដៃ និងការចងចាំដ៏ល្អដែលបងប្រុសបានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងទស្សនិកជនជានិច្ច ។ ជាការកត់សម្គាល់ ការជួយជាថវិកាដល់អតីតារាសម្តែងលោក ច័ន្ទរិទ្ធ មេធានី ពីសំណាក់លោកជំទាវឧកញ៉ា ណូ សុភា នាពេលនេះបានធ្វើឡើង បន្ទាប់ពីលោកជំទាវឧកញ៉ារូបនេះក៏ទើបតែបានជួយដល់តារាកំប្លែងនាយ ឆ្លាំង ដែលកំពុងធ្លាក់ខ្លួនឈឺចំនួន ៥ពាន់ដុល្លារ ខណៈពេលដែលលោកជំទាវឧកញ៉ាក៏គ្រោងជួយបន្ថែមទៀតទៅកាន់តារាកំប្លែងនាយ តាក់ ស៊ី ដែលកំពុងជួបប្រទះនូវជំងឺទឹកនោមផ្អែមរហូតឈានដល់ការកាត់ម្រាមដៃ និងម្រាមជើងផងដែរ ៕






