ទូតកម្ពុជាប្រចាំជប៉ុន ជួបសម្តែងការគួរសម ជាមួយប្រធានក្រុមផ្លាស់ប្តូរ អន្តរសភាជប៉ុន-អាស៊ាន និងពិភាក្សាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបសម្តែងការគួរសម ជាមួយលោក NAKASONE Hirofumi ប្រធានក្រុមផ្លាស់ប្តូរអន្តរសភាជប៉ុន-អាស៊ាន និងជាសមាជិកសភាជាន់ខ្ពស់នៃសភាជាតិជប៉ុន នៅអគារការិយាល័យសមាជិកសភាជាន់ខ្ពស់។
ជំនួបនេះ បានផ្តល់នូវឱកាស សម្រាប់ការផ្លាស់ប្តូរទស្សនៈលើស្ថានភាព ដ៏ល្អប្រសើរនៃទំនាក់ទំនង កម្ពុជា-ជប៉ុន កិច្ចសហប្រតិបត្តិការសភា និងបញ្ហាដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែល បានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។ លោកក៏បានវាយតម្លៃ ខ្ពស់ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមផ្លាស់ប្តូរអន្តរសភាជប៉ុន-អាស៊ាន ក្នុងការពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងជប៉ុន និងប្រទេសសមាជិកអាស៊ាន រួមទាំង កម្ពុជាផងដែរ។
លោកបានកត់សម្គាល់ថា ការទូតសភា រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូ ដែលកំពុងរីកចម្រើនរវាងកម្ពុជានិងជប៉ុន។ ក្នុងន័យនេះ លោកបានសម្តែងការកោតសរសើរ ចំពោះការ គាំទ្រជាបន្តបន្ទាប់របស់ក្រុមផ្លាស់ប្តូរអន្តរសភាជប៉ុន-អាស៊ាន សម្រាប់ការផ្លាស់ប្តូរកាន់តែជិតស្និទ្ធរវាងសភាជាតិ ជប៉ុន និងរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា។
កិច្ចពិភាក្សាក៏បានផ្តោតផងដែរអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា។
លោកឯកអគ្គរាជទូត បានជម្រាបជូនលោក NAKASONE អំពី កិច្ចខិតខំប្រឹងប្រែងនៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបប្រតិបត្តិការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មពាក់ព័ន្ធ។
លោកបានបញ្ជាក់ជាថ្មី នូវគោលនយោបាយគ្មាន ការអត់ឱនយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះឧក្រិដ្ឋកម្មបែបនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លើសពីនេះ លោកឯកអគ្គរាជទូត បានជម្រាបជូនលោក NAKASONE អំពីការសម្រេចចិត្តថ្មីៗរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមដំណើរការ នៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្វែងរកដំណោះ ស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកបានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព និងសិទ្ធិសមុទ្ររបស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាព ការទូត និងច្បាប់អន្តរជាតិ ខណៈពេលដែលរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានសម្តែងការដឹងគុណយ៉ាង ស្មោះស្ម័គ្រចំពោះលោក NAKASONE Hirofumi សម្រាប់ការគាំទ្រជាបន្តបន្ទាប់ និងការចូលរួម ចំណែកដោយផ្ទាល់របស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីននៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិសុខមនុស្សជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសន្តិភាព យូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

You might also like