កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យ១២ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសប្រមាណ៦០នាក់ ពាក់ព័ន្ធបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ ១២ទីតាំង នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញជនជាតិបរទេសប្រមាណ៦០នាក់ ​ដែលពាក់ព័ន្ធនឹងបទល្មើស Online Scams ។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្រុមការងារចម្រុះ បានចុះពិនិត្យទីតាំងចំនួន១២ រកឃើញជនបរទេសសរុប៦០នាក់ ស្រី១៣នាក់ ៤សញ្ជាតិ ចិន៣១នាក់ស្រី២នាក់
ថៃ២៤នាក់ស្រី១១នាក់ មីយ៉ាន់ម៉ា១នាក់ប្រុស ឥណ្ឌូនេស៊ី៤នាក់ប្រុស។

*ទីតាំងទី១ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ផ្ទះ១ល្វែង ៤បន្ទប់ រកឃើញជនជាតិថៃចំនួន៨នាក់ស្រី៤នាក់ រកឃើញសម្ភារ:សង្ស័យមួយចំនួន វេចខ្ចប់ដាក់ក្នុងកេស ក្នុងគោលបំណងលៃបំបាត់ភស្ដុតាង និងត្រៀមប្រព្រឹត្តបទល្មើលអនឡាញស្កេមនៅកន្លែងណាមួយ។ វត្ថុតាងកម្លាំងជំនាញកំពុងរាប់ចំនួន។ ក្នុងប្រតិបត្តិការនេះ បានបញ្ជូនជនជាតិថៃ៨នាក់ស្រី៤នាក់ទៅ ស្នងការដ្ឋាននគរបាលខេត្ត្ត ដើម្បីបន្ដនីតិវិធី បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។

*ទីតាំងទី២ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ឃ្លាំងស័ង្កសីទំហំប្រមាណ២០០ម៉ែត្រការ៉េ រកឃើញសម្ភារ:សង្ស័យមួយចំនួន វេចខ្ចប់ដាក់ក្នុងកេស ក្នុងគោលបំណងលៃបំបាត់ភស្ដុតាង និងត្រៀមប្រព្រឹត្តបទល្មើលអនឡាញស្កេមនៅកន្លែងណាមួយ។ កម្លាំងជំនាញកំពុងបន្ដនីតិវិធី។

ចំណែកទីតាំងទី៣ដល់ទីតាំងទី១១ ស្ថិតនៅក្នងបុរី លី ហេង ភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមមាន៖

*ទីតាំងទី៣ ផ្ទះ១ល្វែង ៤បន្ទប់ រកឃើញជនជាតិចិនចំនួន៣នាក់ប្រុស រកឃើញសម្ភារ:សង្ស័យមួយចំនួន តាមការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិនិត្យឃើញថា ជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងរូបភាព អូសទាញលួងលោមស្នេហា។ វត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៦គ្រឿង បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ។បច្ចុប្បន្ននេះ កំពុងស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជា បណ្ដោះអាសន្ន។

*ទីតាំងទី៤ ផ្ទះ១ល្វែង ៤បន្ទប់ រកឃើញជនជាតិចិនចំនួន៤នាក់ប្រុស រកឃើញសម្ភារសង្ស័យមួយចំនួន តាមការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិនិត្យឃើញថា ជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងរូបភាព អូសទាញលួងលោមស្នេហា។ វត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៣០គ្រឿង និងកុំព្យូទ័រ១គ្រឿង បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ សមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជា បណ្ដោះអាសន្ន។

*ទីតាំងទី៥ ផ្ទះ២ល្វែង រកឃើញជនជាតិថៃចំនួន១៦នាក់ស្រី៧នាក់ ពុំមានលិខិតឆ្លងដែន។
ទីតាំងពុំមានសម្ភារ:សង្ស័យ។ សមត្ថកិច្ចបានបញ្ជូនជនជាតិថៃ១៦នាក់(ស្រី៧នាក់) ទៅមណ្ឌលកងវ៉ាខេត្ត និងបន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីផ្ដល់ទីតាំងឱ្យជនបរទេសស្នាក់នៅខុសច្បាប់។

*ទីតាំងទី៦ ផ្ទះ១ល្វែង ៣បន្ទប់ មានម្ចាស់ឈ្មោះ នន់ អំនត់ មានជនជាតិចិនស្នាក់នៅចំនួន១នាក់ប្រុស ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី៧ ផ្ទះ១ល្វែង ៣បន្ទប់ មានជនជាតិចិនស្នាក់នៅចំនួន២នាក់ប្រុស ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី៨ ផ្ទះ១ល្វែង ៣បន្ទប់ មានជនជាតិចិនស្នាក់នៅចំនួន៥នាក់ប្រុស ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី៩ ផ្ទះ១ល្វែង ៣បន្ទប់ ពុំមានជនបរទេស រកឃើញសម្ភារសង្ស័យមួយចំនួនរួមមានទូរស័ព្ទ៩គ្រឿង និងកុំព្យូទ័រ១គ្រឿង កម្លាំងជំនាញស្នងការបានដកហូតរក្សាទុក និងធ្វើកោសល្យវិច្ច័យ ។
»ប្រគល់ឱ្យ អធិការដ្ឋាននគរបាលក្រុង ស្រាវជ្រាវរកម្ចាស់ទីតាំង និងបន្ដនីតិវិធី។

*ទីតាំងទី១០ ផ្ទះ១ល្វែង ពុំមានសម្ភារ:សង្ស័យ មានជនជាតិចិនស្នាក់នៅចំនួន៤នាក់ស្រី១នាក់ ពុំមានឯកសារជាប់ខ្លួន បញ្ជុនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

*ទីតាំងទី១១ (ម្ចាស់ ជ័យ ចំនាន) ផ្ទះ២ល្វែង ១០បន្ទប់ មានជនបរទេសស្នាក់នៅចំនួន១៣នាក់ស្រី១នាក់ ២សញ្ជាតិ ចិន១២នាក់ស្រី១នាក់ និងមីយ៉ាន់ម៉ា១នាក់ប្រុស ពុំមានសម្ភារ:សង្ស័យ អប់រំធ្វើកិច្ចសន្យា។

*ទីតាំងទី១២ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ផ្ទះ១ល្វែង កម្ពស់៣ជាន់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៤នាក់ប្រុស ពុំមានសម្ភារសង្ស័យ។ ហើយបានប្រគល់ឱ្យចៅសង្កាត់ស្វែងរកម្ចាស់ទីតាំង៕

You might also like