កម្ពុជា ផ្សព្វផ្សាយទេសចរណ៍ ការទូតម្ហូបអាហារ និងការលើកលែងទិដ្ឋាការចិន នៅវេទិកាទេសចរណ៍ទន្លេមេគង្គ
(មីយ៉ាន់ម៉ា)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និងដៃគូឯកជនទាំងអស់ ដែលបានសហការចូលរួមក្នុងស្តង់ពិព័រណ៍សេវាកម្ម និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវេទិកាទេសចរណ៍ទន្លេមេគង្គ (Mekong Tourism Forum)។
ការចូលរួមនេះ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ម្ហូបអាហារកម្ពុជាដ៏ឆ្ងាញ់ពិសារ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទេសភាពដ៏ស្រស់ស្អាតនារដូវកាលបៃតង ជាពិសេសគឺការផ្សាព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា អ្នកវិនិយោគិនចិន និងអ្នកវិនិយោគិនមកពីទីក្រុងហុងកុង គឺជាវិនិយោគិនដែលមានចំនួននាំមុខគេនៅប្រទេសមីយ៉ាន់ម៉ា៕






