ក្រសួងមហាផ្ទៃ បន្តកត់ត្រាសកម្មភាពមិនស្មោះត្រង់របស់ភាគីថៃជាប្រចាំ ខណៈភាគីថៃ ពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ(GBC)
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជានិងថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្ត ពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃបានកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និង ការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ ស៊ីវិលដោយសារអំពើឈ្លានពានជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ក្រសួងមហាផ្ទៃប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានផ្ញើជាថ្មីម្តង ទៀតនូវកំណត់ទូតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីទទូចឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បន្តចុះទៅអនុវត្តការងារលើដីជាក់ស្តែងឱ្យបានឆាប់បំផុតស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវឱ្យជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស រួបរួមស្មារតីសាមគ្គីគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងដឹកនាំបេសកកម្មដោះស្រាយបញ្ហា ព្រំដែនជាមួយភាគីថៃដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែនជាពិសេសការវិលមកវិញនូវជីវភាពជាប្រក្រតីនៃប្រជាជនទាំងសងខាង៕






