សមត្ថកិច្ចបង្ក្រាបរថយន្តមួយគ្រឿង ដឹកបារីគេចពន្ធជិត ១០០ប៊ិច បម្រុងនាំឆ្លងដែនទៅថៃ ក្រុមឈ្មួញរត់ចោលឡានចាក់សោជិត

បាត់ដំបង÷កាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកទំនិញគេចពន្ធនេះ ធ្វើឡើងដោយមានការចូលរួមសហការពីកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក កម្លាំងយោធាវីរៈសេនាតូចលេខ ៥៥១ កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។
តាមប្រភពដដែលបានបង្ហើបឱ្យដឹងថា នៅពេលដែលកម្លាំងសមត្ថកិច្ចចម្រុះបានពង្រាយកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ក្រុមជនល្មើសដែលជាឈ្មួញដឹកទំនិញខុសច្បាប់បម្រុងនាំបារីទាំងនេះឆ្លងដែនទៅប្រទេសថៃ ដឹងខ្លួនទាន់ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាងមាន តែរថយន្តល្មើស និងបារី។ អ្វីដែលធ្វើឱ្យសមត្ថកិច្ចជួបការលំបាកបន្តិចនោះគឺ ក្រុមជនល្មើសបានចាក់សោរទ្វារថយន្តជាប់ពីខាងក្រៅ រួចរត់គេចខ្លួនបាត់ ដែលបង្ខំឱ្យសមត្ថកិច្ចជំនាញត្រូវទាក់ទងហៅជាង ដើម្បីមកធ្វើសោចម្លងទើបអាចបើកបរ និងនាំយករថយន្តល្មើសនោះមក រក្សាទុកជាបណ្តោះអាសន្នបាន។
ជាលទ្ធផលនៃការត្រួតពិនិត្យ ឡាន និងទំនិញដែលដកហូតបានរួមមាន៖
បារីគេចពន្ធ៖ ជិត ១០០ ប៊ិច រថយន្ត៖ ១ គ្រឿង ម៉ាក Toyota HiAce ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463 ការបែងចែករក្សាទុកវត្ថុតាងជាបណ្តោះអាសន្ន។
កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧៖ យកទៅរក្សាទុកចំនួន ២២ ប៊ិច ដែលបានដឹកបម្រុងនាំចេញឆ្លងព្រំដែន។
កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក យកទៅរក្សាទុកចំនួន ៤៦ ប៊ិច បន្សល់នៅក្នុងរថយន្ត រួមទាំងរថយន្ត ១ គ្រឿង។
ជុំវិញករណីបង្ក្រាបនេះ បានធ្វើឱ្យមានការជែកដេញដោល និងដាក់ការសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជនថា «តើក្រុមនាយឈ្មួញថ្លើមធំដែលនៅពីក្រោយខ្នងនៃការជួញដូរបារីគេចពន្ធនេះជានរណា?។
មហាជនជាច្រើនបានលើកឡើងថា ដឹកជញ្ជូនទំនិញគេចពន្ធទ្រង់ទ្រាយធំបែបនេះ ឆ្លងកាត់ភ្នែកសមត្ថកិច្ចជាច្រើនដំណាក់កាល រហូតប៊ិះនឹងឆ្លងដែនទៅប្រទេសថៃទៅហើយ។
សកម្មភាពបែបនេះ ហាក់បីដូចជាកំពុងតែផ្គើនទៅនឹងអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ដែលតែងតែក្រើនរំលឹក និងដាក់វិធានការក្តៅក្នុងការទប់ស្កាត់រាល់បទល្មើសគេចពន្ធ និងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
ករណីនេះកំពុងស្ថិតក្នុងចំណាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង។ មហាជនកំពុងរង់ចាំមើលថា តើសមត្ថកិច្ចជំនាញនឹងអាចវែកមុខរកឃើញមេខ្លោងពិតប្រាកដដើម្បីចាត់ការបន្តតាមនីតិវិធី ?៕

You might also like