អង្គភាពប្រឆាំងអំពើពុករលួយផ្តល់ម៉ូតូ៥០គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់ម៉ូតូ៥០គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣។
អំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវម៉ូតូចំនួន៥០គ្រឿង តាមរយៈលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានចាត់លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាំម៉ូតូចំនួន៥០គ្រឿង ទៅប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ ដែលមានលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ មកទទួលសម្រាប់បម្រើការក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងវីរកងទ័ពទាំងអស់ បានថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដែលបានឧបត្ថម្ភម៉ូតូចំនួន៥០គ្រឿងនេះ ដល់វីរកងទ័ពជួរមុខសម្រាប់ប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ ក្នុងទិសដៅការពារបូរណភាពទឹកដី៕






