ក្រុម E-Sports កម្ពុជា ទទួលសិទ្ធិប្រកួតកីឡាអាស៊ី ក្រោយបង្កការភ្ញាក់ផ្អើលក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ជាផ្លូវការ ជាមួយកំណត់ត្រាធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ាន លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) នៅប្រទេសសិង្ហបុរី កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅក្នុងការប្រកួតជម្រុះប្រជុំដោយក្រុមខ្លាំងៗក្នុងតំបន់ ដែលស្ថិតក្នុងពូលA ចំនួន ៨ក្រុម រួមមានក្រុម E-Sports កម្ពុជា, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងម្ចាស់ផ្ទះសិង្ហបុរី នេះ ក្រុមអ្នកចម្បាំងអង្គររបស់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយស្ទើរមិនស្គាល់ចាញ់ ពោលគឺឆ្លងកាត់ ៧ប្រកួតឈ្នះ ៦ និងចាញ់ ១ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីហ្វីលីពីន ដែលឈរលេខ១ និងឥណ្ឌូនេស៊ី ឈរលេខ៣។
ចំពោះលទ្ធផលទាំង ៧ប្រកួតរបស់ក្រុមអ្នកចម្បអង្គរ រួមមានឈ្នះមីយ៉ាន់ម៉ា ២-១, ឈ្នះវៀតណាម ២-០, ឈ្នះហ្វីលីពីន ២-១, ឈ្នះសិង្ហបុរី ២-០, ឈ្នះម៉ាឡេស៊ី ២-០ និងឈ្នះឡាវ ២-០ មុនភ្លាត់ចាញ់ការប្រកួតចុងក្រោយទល់ក្រុមឥណ្ឌូនេស៊ី ១-២ ។ ប៉ុន្ដែលទ្ធផលនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកម្ពុជា មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះសមត្ថភាពក្រុមកម្ពុជា ដែលធ្វើបានយ៉ាងល្អ ហើយក៏សង្ឃឹមពួកគេ នឹងបន្ដធ្វើបានល្អនៅជុំផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាចុងខែកញ្ញាខាងមុខផងដែរ។
គួរដឹងថា ការប្រកួតជម្រុះកីឡាអាស៊ី ប្រចាំតំបន់អាស៊ាន ដែលមានបេក្ខភាព ៨ក្រុមចូលរួមនេះ គឺក្រុមឈរលេខ១ ដល់លេខ៥ នឹងទទួលបានសិទ្ធទៅចូលរួមព្រឹត្តិការណ៍កម្រិតទ្វីប ៤ឆ្នាំម្ដង រួមមានក្រុមហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គ្រាដែល ៣ក្រុម ដែលឈរលេខ៦ ដល់លេខ៨ ត្រូវធ្លាក់ រួមមានក្រុម E-Sports វៀតណាម ឡាវ និងសិង្ហបុរី៕






