សមត្ថកិច្ចឃាត់ជនសង្ស័យ៦នាក់ ប្រើប្រាស់រថយន្ត១គ្រឿងធ្វើជាទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយគណបញ្ជាការឯកភាពខេត្តនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់រថយន្តសង្ស័យ១គ្រឿង ម៉ាក Toyota Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI-9612 ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ចំណុចមុខបុរី KN ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជាលទ្ធផលរកឃើញជនជាតិ ចិនចំនួន៣នាក់ (ស្រី១នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ (ស្រី១នាក់) និងរកឃើញសម្ភារពាក់ព័ន្ធសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) មួយចំនួន រួមមាន ៖ ទូរស័ព្ទដៃចំនួន ៥៧គ្រឿង ដុំ Wi-Fiចល័តចំនួន ៦គ្រឿង Internet Modem ចំនួន ២គ្រឿង Charger ចំនួន ២ដុំ Laptop ១គ្រឿង លិខិតឆ្លងដែនសញ្ជាតិចិន ១ក្បាល ប័ណ្ណការងារចេញដោយក្រសួងការងារ ១សន្លឹក និងខ្សែសាកថ្មទូរស័ព្ទមួយចំនួន ដុំបំប្លែងភ្លើង (Inverter) មួយគ្រឿងសម្រាប់ បែងចែកចរន្តអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសក្នុងរថយន្ត។
បន្ទាប់ពីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើកុំព្យូទ័រ និងទូរស័ព្ទដែលបានចាប់យកទាំងនោះ បានរកឃើញមានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជនសង្ស័យធ្វើការលួងលោមជនរងគ្រោះឱ្យធ្លាក់ក្នុងការឆបោក លើការវិនិយោគ ទិញភាគហ៊ុន (Stok Exchange) ដែលមានទិសដៅជនរងគ្រោះនៅទីក្រុងហុងកុង។
ក្រុមការងារជំនាញបានធ្វើតេស្តទឹកម៉ូតបានរកឃើញជនសង្ស័យ៣នាក់ មានសារធាតុញៀន និងជនសង្ស័យ៣នាក់ទៀតមិនមានសារធាតុញៀន។
ជនបរទេសទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី៕






