ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត

បន្ទាប់ពីបានដឹងព័ត៌មានអំពីស្ថានភាពគ្រួសារប្តី-ប្រពន្ធកម្សត់ទុរគត ដែល​ប្រពន្ធ​មាន​ជំងឺ​មហា​រីក​គ្រាប់​ឈាម​ធ្ងន់​ធ្ងរ ចង់ឱ្យប្តីបោះបង់ចោល ឬបញ្ចប់ជីវិត ដើម្បីកុំឱ្យនាំទុក្ខដល់គ្រួសារនោះ, នៅថ្ងៃ​ទី​២២ ​ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​បានឧបត្ថម្ភអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បី​លើក​ទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងការតស៊ូក្នុងជីវិតរបស់គ្រួសារយុវជន គង់ ឡង់ឌី អាយុ ២៣ឆ្នាំ និងភរិយាឈ្មោះ ឃួន សារី អាយុ ២៤ឆ្នាំ មានកូនតូចអាយុ ៥ខែ ដែលប្រកប​មុខ​របរ​រត់​ម៉ូតូ​លក់​សម្ភារៈក្មេងលេងនៅតាមបណ្តាខេត្តនានា ដែលគ្រួសារនេះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងជំនួបសំណេះសំណាលនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, លោកជំទាវ ម៉ែន នារី​សោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយ​សេចក្តី​អាណិត​អាសូរ​ជា​ពន់​ពេក​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ​ជូនដល់ចៅៗទាំងពីរនាក់ប្តីប្រពន្ធ ជាពិសេស​លើក​ទឹក​ចិត្ត​សូម​បន្ត​ខិត​ខំ​តស៊ូ​ជម្នះ​រាល់​ការ​លំបាក ដើម្បី​អនាគតបន្តទៅមុខទៀត ព្រោះថាដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ​តែង​តែ​ជួប​ប្រទះ​នូវ​ការលំបាកខុសៗគ្នា។ ជាមួយគ្នានេះ សូមខិតខំថែទាំសុខភាព អនុវត្តតាម​វេជ្ជ​បញ្ជា​គ្រូ​ពេទ្យ ​ត្រូវទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងត្រូវជៀស​វាង​ដាច់​ខាត​ការ​ដាក់​អាហារ​ក្តៅ​ៗ​នៅក្នុងថ​ង់ប្លាស្ទិក ក៏ដូចជាអាហារដែលមានផ្ទុកសារធាតុគីមីជាដើម។
យុវជន គង់ ឡង់ឌី និងភរិយា ឃួន សារី បានលើកដៃប្រណម្យថ្លែងអំណរគុណ និង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ​ដែលបានផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត ដើម្បីបន្តព្យាបាលជំងឺ និងប្រកបរបរ​ចិញ្ចឹម​ជីវិត​តទៅ​មុខ​ទៀត។ ជាមួយគ្នានេះ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអភិបាលគ្រងរក្សា សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ មាំមួន ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និង​ផ្តល់​ភាព​កក់ក្តៅ សម្រាប់ប្រជាជនកម្ពុជាជារៀងដរាបតទៅ៕

You might also like