ប្រទះឃើញសាកសពមន្ត្រីកិច្ចសន្យាចរាចរណ៍ លោតទឹកទន្លេបាត់បង់ជីវិត ក្រោយលោតទឹកពីទូកដរ គេចពីសមត្ថកិច្ច
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រជាអ្នកនេសាទបានប្រទះឃើញសាកសព មន្ត្រីជាប់កិច្ចសន្យាម្នាក់អណ្តែតទឹកទន្លេមេគង្គខាងក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោយពីមន្ត្រីជាប់កិច្ចសន្យារូបនោះ បានលោតទឹកពីលើទូកដរបាត់ខ្លួនអស់រយៈពេល២ យប់៣ថ្ងៃ។
ជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ ជាមន្ត្រីជាប់កិច្ចសន្យា ផ្នែកចរាចរណ៍ ស្នាក់នៅផ្ទះជួល ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សពត្រូវបានក្រុមគ្រួសារស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងលោកអធិការរងខណ្ឌជ្រោយចង្វារម្នាក់ ដែលចាប់កូនប្រុសគាត់នាំឡើងសាឡាង ធ្វើឲ្យមានការភ័យខ្លាចសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។
រឿងរ៉ាវបណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យានេះលោតទឹកសម្លាប់ តាមការបំភ្លឺក៏ដូចពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង បានសម្រាកពីការងារក៏ទៅលេងផ្ទះសង្សារ នៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ពេលនោះដែរក៏មានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ៤នាក់ជិះរថយន្ត២បាំងមួយគ្រឿង ដឹកនាំដោយលោកអធិការរងម្នាក់ ទៅចាប់ជនរងគ្រោះរុញចូលឡាន ដោយមានការចោទប្រកាន់មន្ត្រីជាប់កិច្ចសន្យានោះថា ជាប់ពាក់ពន្ធករណីគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។
សារព័ត៌មានសុំមិនធ្វើអត្ថាធិប្បាយរឿងរ៉ាវនេះវែងឆ្ងាយទេ គ្រាន់តែរៀបរាប់តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះតែ ប៉ុណ្ណោះ ដែលក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា នាងខ្ញុំឈ្មោះ យិន ម៉ាលីស ភេទស្រី អាយុ៥១ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរ កសិករ។ សូមគោរពចូលមក លោកអធិការនគរបាលក្រុងអរិយក្សត្រ កម្មវត្ថុ ៖ សុំប្តឹងឈ្មោះ សម រីណា ភេទប្រុស មុខរបរ នគរបាល និងបក្ខពួកមានគ្នា៣ នាក់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
«ករណី ចាប់ខ្លួនកូនប្រុសឈ្មោះ ចាន់ ណារ៉ុង»
តបតាមកម្មវត្ថុខាងលើ នាងខ្ញុំ សូមជម្រាបជូនលោកអធិការនគរបាលក្រុងអរិយក្សត្រ ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ សម រីណា មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រួមទាំបក្ខពួកមានចំនួន៣ នាក់ទៀត បានជិះរថយន្ត Ford ពាក់ស្លាកលេខ ភ្នំពេញ ២BU-៥៤១៤ បានធ្វើសកម្មភាពចាប់ឃាត់ខ្លួនកូនប្រុសខ្ញុំឈ្មោះ ចាន់ ណារ៉ុង ចេញពីផ្ទះឈ្មោះ ឡូត ច្រេស ភេទស្រី ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដាក់ចូលឡានដោយមិនដឹងពាក់ពន្ធនឹងករណីអ្វីនោះទេ លុះពេលធ្វើដំណើរតាមទូកដរ(សាឡាង)កំពង់ចម្លងស្វាយជ្រំ ជិតដល់ត្រើយម្ខាងជ្រោយចង្វារ កូនប្រុសរបស់ខ្ញុំឈ្មោះ ចាន់ ណារ៉ុង ក៏បានលោតពីលើទូកដរចូលទៅក្នុងទឹកទន្លេ ដោយមិនដឹងបាត់ខ្លួនទៅដាល់ណានោះទេ។
អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមលោកអធិការនគរបាលក្រុងអរិយក្សត្រ មេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំ ដោយអនុគ្រោះផងចុះ។ សារព័ត៌មានមិនអាចរកការទំនាក់ទំនងទៅលោក សម រីណា អធិការរង នគរបាលខណ្ឌជ្រោយចង្វារ ដែលរងការចោទប្រកាន់នោះបានទេ ម្សិលមិញនេះ ។






