ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ច្រាំងទន្លេ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
នាថ្ងៃសៅរ៍ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការអនុវត្តជាក់ស្តែងនៅទីតាំងការដ្ឋានសាងសង់ច្រាំងទន្លេ ដែលមានទីតាំងស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ម្ចាស់ដីបានលើកផ្ទាំងប៉ាណូបង្ហាញពីការអនុញ្ញាតរបស់ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ នៅមុខទីតាំងការដ្ឋាន បានត្រឹមត្រូវតាមការណែនាំ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបណែនាំបន្ថែមដល់ម្ចាស់ទីតាំង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជលសាស្ត្រ ដែលក្រសួងធនធានទឹក និងឧតុនិយមបានកំណត់។
សូមបញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ទីតាំងដីទាំងឡាយណាដែលមានទីតាំងនៅជាប់នឹងដីចំណីទន្លេ ឱ្យរៀបចំសាងសង់ច្រាំងដើម្បីការពារដីកម្មសិទ្ធិផ្ទាល់ខ្លួនពីការបាក់ស្រុត ហើយរាល់ការសាងសង់ទាំងអស់ ដាច់ខាតត្រូវតែមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានី-ខេត្ត ជាមុនសិន៕






