ជនសង្ស័យប៉ុនប៉ងរំលោ…ភក្មេងស្រី និងប្រើហិង្សា មុនរត់គេចខ្លួនបន្សល់ទុកភស្តុតាងជាច្រើន
ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានរួចផុតពីការប៉ុនប៉ងរំលោភ បន្ទាប់ពីបានតស៊ូខាំដៃជនសង្ស័យ និងស្រែកឱ្យអ្នកជិតខាងជួយទាន់ពេលវេលា ក្នុងហេតុការណ៍ដែលបានកើតឡើងនៅ រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាក Honda ពណ៌ខ្មៅ មកដល់ផ្ទះជនរង គ្រោះ ខណៈក្មេងស្រីនៅផ្ទះតែម្នាក់ឯង។ ជនសង្ស័យបានប្រើលេសថា មកយកលុយដែលម្តាយជនរងគ្រោះជំពាក់ និងបន្ទាប់មកបន្លំថា មកតភ្លើង ដើម្បីបោក បញ្ឆោតឱ្យក្មេងស្រីទៅកាន់បន្ទប់ទឹក។ ពេលផែនការមិនបានសម្រេច ជនសង្ស័យបានប្រើអំពើហិង្សា ខ្ទប់ មាត់ និងអូសជនរងគ្រោះ ប៉ុន្តែក្មេងស្រីបានតស៊ូ ខាំដៃជនសង្ស័យ និងស្រែកហៅគេឱ្យជួយ។
ដោយឮសំឡេងស្រែក អ្នកជិតខាងបានរត់មកអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រត់គេចខ្លួនដោយបន្សល់ទុកសម្ភារមួយចំនួន រួមមានកាបូបស្ពាយ និងសំបកកង់ម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយចុះពិនិត្យ សមត្ថកិច្ចបានរកឃើញក្នុងកាបូបមានរូបថត សម្លៀកបំពាក់យោធា មួកយោធា វិក័យប័ត្របង់ភ្លើង និងសម្ភារផ្សេងៗជាច្រើន ដែលត្រូវបានរក្សាទុកជាភស្តុតាង។ អាណាព្យាបាលជនរងគ្រោះបានដាក់ពាក្យបណ្តឹងជាផ្លូវការ ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕






