លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនារបស់គណបក្សខេត្តកំពង់ស្ពឺ និងអបអរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(កំពង់ស្ពឺ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ដសម្រាប់ខែកក្កដា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ៤៥០នាក់។
ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ​ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណ:កម្មាធិការគណបក្ស ខេត្ត​កំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយលិខិតបទដ្ឋាន និងសេចក្ដីណែនាំនានារបស់ថ្នាក់កណ្ដាលក្នុងខែមិថុនាកន្លងមក។
បន្ទាប់ពីបានស្តាប់របាយការណ៍ លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច។ បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើង ព្រមទាំងការបង្ក្រាប និងលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ានី បានយកឱកាសនៃកិច្ចប្រជុំ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ដែលបានឆ្លុះបញ្ចាំងពីសកម្មភាព ការដឹកនាំ និងការរួមចំណែករបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ៕

You might also like