ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកស្វ័យប្រវត្តិទំនើបកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

នាថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពស្ថានីយបូមទឹកស្វ័យប្រវត្តិសាក់សំពៅ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងស្ថានីយបូមទឹកស្វ័យប្រវត្តិនពាមសេដ្ឋា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍គូសបញ្ជាក់ថា ស្ថានីយបូមទឹកស្វ័យប្រវត្តិទំនើបកម្មទាំងពីរនេះ មានសារៈសំខាន់ក្នុងការរំដោះ និងបញ្ចៀសទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា ព្រមទាំងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ក្នុងគោលបំណងបម្រើឱ្យពហុវិស័យ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធ ត្រូវគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទំនើបៗទាំងនេះឱ្យបានល្អ និងមាននិរន្តរភាព ព្រោះវាជាលទ្ធផលនៃការវិនិយោគថវិកាយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕

You might also like