បុរសម្នាក់ជិះម៉ូតូទៅបុកពីក្រោយរទះអេតចាយ បណ្តាលឲ្យបែកទ្រូងស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីធ្វើការ ជ្រុលទៅបុកផ្ទប់រទះអេតចាយពីក្រោយពេញទំហឹងបណ្តាលឲ្យជុងដែកចំដើមទ្រូងពេញទំហឹង កាលពី ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-4890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកផ្ទប់ពីក្រោយរទះអេតចាយចតចោលលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យជុងកាងដែកធ្លាយទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្ចាស់រទះអេតចាយរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់ពិនិត្យកន្លែងសពរួចទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងយកម៉ូតូនិងរទះអេតចាយទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like