«ជនជាតិថៃ ២៤នាក់» ជាក្រុមឆបោកពាក់ព័ន្ធនឹង SCAMS ONLINE ត្រូវអាជ្ញាធរឡាវ ចាប់បញ្ជូនខ្លួនទៅស្រុកវិញ

ខេត្តឈៀងរ៉ាយ៖ បើតាមយោងតាមកាសែតThe Thaiger​ បានចុះផ្សាយថា​ អាជ្ញាធរឡាវប្រចាំខេត្តបកែវ បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ (បុរស ១៥នាក់ និងស្ត្រី ៩នាក់)​ ជូនដល់សមត្ថកិច្ចថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ​២០២៦ថ្មីៗនេះ​ បន្ទាប់ពីរកឃើញថាពួកគេមានការជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធទូរស័ព្ទ (Call Center Scam)។
បើតាមរយៈការត្រួតពិនិត្យប្រវត្តិរបស់មន្ត្រីថៃ បានបង្ហាញថា ក្នុងចំណោមមនុស្សទាំង ២៤នាក់នោះ មាន ២នាក់ជាជនសង្ស័យមានដីកាចាប់ខ្លួនស្រាប់ពីបទឆបោក និងល្មើសច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា (Computer Crime Act) រួមមាន៖​ បុរសឈ្មោះ សារ៉ាយុ (Sarayu) អាយុ ២៥ឆ្នាំ ដែលជាប់ដីកាចាប់ខ្លួនចំនួន ៣ ចេញដោយតុលាការខេត្តភេតឆាប៊ុន និងមហាសារ៉ាខាម កាលពីចុងខែឧសភា ឆ្នាំ២០២៦ នេះ និងបុរសឈ្មោះ ស៊ុមសាក់ (Somsak) អាយុ ៣៣ឆ្នាំ ជាប់ដីកាចាប់ខ្លួនតាំងពីឆ្នាំ២០២៣។
អាជ្ញាធរឡាវក៏បានប្រគល់វត្ថុតាងដែលដកហូតបានរួមមានទូរស័ព្ទដៃ ១១គ្រឿង, កុំព្យូទ័រយួរដៃ ៤គ្រឿង និងលិខិតឆ្លងដែន ២០ក្បាល ទៅឱ្យសមត្ថកិច្ចថៃដើម្បីធ្វើការពិនិត្យ បើកការសម្ភាសន៍ និងស៊ើបអង្កេតបន្តរកបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលនៅពីក្រោយខ្នង។
ដោយឡែក​បើតាមសារព័ត៌មានថៃ Khaosod ផ្សាយថា ករណីបណ្តេញនិងបញ្ជូនខ្លួនជនជាតិថៃពាក់ព័ន្ធនឹងល្បែងឆបោកបច្ចេកវិទ្យាបែបនេះ មិនមែនជាលើកទីមួយឡើយ ដោយកាលពីខែមករាកន្លងទៅ អាជ្ញាធរកម្ពុជាក៏ធ្លាប់បានអនុញ្ញាតឱ្យជនជាតិថៃចំនួន ១៦២នាក់ ត្រឡប់ទៅប្រទេសខ្លួនវិញតាមច្រកព្រំដែនក្នុងខេត្តចន្ទបុរី ដែលក្នុងនោះមាន ៦នាក់ ត្រូវបានរកឃើញថាជាជនល្មើសកំពុងមានដីកាចាប់ខ្លួនពីតុលាការ៕

You might also like