សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ!
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញដីការសម្រេចឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ពីបទហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅចំណុចក្រុមហ៊ុនខេ០១ រៀលអីស្ទេត ឯ.ក ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា លោក ឃឿន សុខឡា ហៅ K01 បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានផ្ទុះការចែកចាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្នុងនោះបានបង្ហាញសកម្មភាពរបស់លោកទះកំផ្លៀងទៅលើយុវជនម្នាក់ ហើយនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់នោះផងដែរ៕






