សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ( កាប់ប្លន់ ) នៅក្នុងក្រុងបាវិត
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ( កាប់ប្លន់ )នៅក្នុងក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ នាង រត់ធី អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ និង ឈ្មោះ នាង វាសនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំងពីររស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងចង្អុលបង្ហាញ ពីជំនាញផ្ទាល់ របស់លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត បញ្ចាកម្លាំងជំនាញ ពីករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ( កាប់ប្លន់ ) កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចយើងទទួលបានថាមានករណីកាប់ប្លន់ម៉ូតូ មិនបានសម្រេច នៅចំណុចលើដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយមានជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ បានជិះម៉ូតូពីក្រោយជនរងគ្រោះ ដោយមានកាន់កាំបិត ជនរងគ្រោះក៏ស្រែកឆោឡោ បានមិត្តភ័ក្រ្តបងប្អូននៅក្បែរនោះបានជួយចាប់ជួយឃាត់ជនសង្ស័យនេះហើយខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ច និងនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងបាវិតតែម្ដង ។
នៅចំពោះមុខជនសង្ស័យ ០២នាក់ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាព កាន់កាំបិតតាំងតោ មួយដើម និងដាវ មួយដើម បម្រុងធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនារីរងគ្រោះពិតប្រាកដមែន តែមិនទាន់បានកាប់ផងស្រាប់តែនាងបានស្រែកឆោឡោ ឲ្យគេជួយចាប់ រួចក៏ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចនគរបាលបានដកហូត វត្ថុតាងរួមមានម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ កាំបិត ០១ដើមដាវ ០១ដើមកន្រ្តៃដងពណ៌ខៀវ ០១ដើមស្លាកលេខ ភ្នំពេញ1IS 4269 ចំនួន០១។
ជនសង្ស័យទាំង២នាក់ កម្លាំងជំនាញ បានកសាងសំណុំរឿង និងបានបញ្ជួនទៅកាន់តុលាការ ឃុំខ្លួនរួចហើយ៕






