បង្ក្រាបករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៤នាក់
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបង្ក្រាបករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ ។
ករណីបង្រ្កាបបាននេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកាបូបមួយត្រូវបានបោះបង់ចោលនៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយពិនិត្យ សមត្ថកិច្ចបានរកឃើញអាវុធខ្លីម៉ាក BERETTA ចំនួន១ដើម បង់២ គ្រាប់១៦គ្រាប់ កាំបិតចុងស្រួច១ដើម និងលិខិតឆ្លងដែនមួយក្បាល រួចបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
-អាវុធខ្លីចំនួន២ដើម
-បង់ចំនួន៣
-គ្រាប់កាំភ្លើងចំនួន២១គ្រាប់
-កាំបិតចុងស្រួច១ដើម
-លិខិតឆ្លងដែន១ក្បាល ។
ជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានឃាត់ខ្លួន និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






