ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្ដមសេនីយ៏ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានអញ្ជើញជាធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ
ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។
ពិធីនេះ ប្រារព្ធធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ចំនួន២៣៧នាក់ ស្រី៤២នាក់។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវមិតិផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្ដម នាយឧត្ដមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងនាំយកថវិកាចំនួន ១០,០០០,០០០ រៀល សម្រាប់ឧបត្តម្ភវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ក៏បានមានមិតិផ្តាំផ្ញើ និងណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ នូវខ្លឹមសារមួយចំនួនដូចតទៅ ៖
១-សិក្ខាកាម ត្រូវមានស្មារតីតស៊ូ ខិតខំប្រឹងប្រែង ជម្នះឱ្យបានរាល់ការនឿយហត់ ការលំបាក និងយកចិត្តទុកដាក់ស្វែងយល់ទាំងទ្រឹស្តី និងការហ្វឹកហាត់ជាក់ស្តែង ដើម្បីមាន សមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
២-ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គសិក្សាឱ្យបានម៉ឺងម៉ាត់ គោរពពេលវេលា អនុវត្តតាមការពន្យល់ណែនាំរបស់គ្រូ និងរាល់ការណែនាំរបស់ថ្នាក់ដឹកនាំ។
៣-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជៀសវាងបាននូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
៤-ត្រូវមានស្មារតីចូលរួមថែរក្សាការពារ ទ្រព្យសម្បតិ្តរដ្ឋ ដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈហ្វឹកហាត់ផ្សេងៗ រៀបចំទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស។
៥-ត្រូវមានស្មារតីសាមគ្គីភាព ជាពិសេសសិក្ខាកាម ត្រូវជួយពន្យល់គ្នាទៅវិញទៅមក ក្លាហានទទួលយកនូវបទពិសោធន៍ថ្មីៗ ដើម្បីទទួលបានលទ្ធផលល្អ។
៦-ក្នុងពេលកំពុងសិក្សា សិក្ខាកាមទាំងអស់ត្រូវហាមមិនឱ្យពិសារគ្រឿងស្រវឹង។
ជាទីបពា្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានជូនពរ ភ្ញៀវកិតិ្តយស គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ឱ្យមានសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






