កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance ចេញពីតំណែង
វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កងទ័ពអាកាសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលបានអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance ចេញពីតំណែង អំឡុងការតវ៉ាមួយនៅខាងក្រៅវិមាន Capitol។
នៅក្នុងវីដេអូមួយបង្ហោះលើអ៉ីនធើណិត វរសេនីយ៍ត្រីកងទ័ពអាកាសអាមេរិកមានឈ្មោះថា Jason Watson បានថ្កោលទោសលោក ត្រាំ និងលោក Vance កាលពីថ្ងៃពុធកន្លងទៅសម្រាប់សកម្មភាពមួយចំនួន ក្នុងនោះរួមមានសង្រ្គាមជាមួយអ៉ីរ៉ង់ដោយមិនមានការអនុញ្ញាតពីសភាអាមេរិក។
នៅក្នុងវីដេអូនោះដែរ ប៉ូលិសអាមេរិកនៅឯវិមាន Capitol បានឃាត់ខ្លួនលោក Watson ដែលបានកាន់ផ្ទះបដាអំពាវនាវឱ្យដំណើរការនីតិវិធី impeachment កាត់ទោស និងដកតំណែងលោក ត្រាំ និងលោក Vance។
ដោយមិនលើកចំឈ្មោះលោក Watson ការិយាល័យរដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក លោក Troy Meink បានទទួលស្គាល់ លើរបាយការណ៍អំពីមន្ត្រីទ័ពអាកាសម្នាក់បានធ្វើការតវ៉ានៅឯវិមាន Capitol ហើយនិយាយថាការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង។
គួរបញ្ជាក់ថា ច្បាប់គ្រប់គ្រងលើយោធាមេរិក ឬ Uniform Code of Military Justice បានរឹតត្បិតលើសកម្មភាពនយោបាយរបស់មន្ត្រីយោធា ជាពិសេសក្នុងពេលកំពុងបំពេញតួនាទី និងស្លៀកឯកសណ្ឋាន។ មាត្រា៨៨ នៃច្បាប់នេះក៏ហាមឃាត់ផងដែរការប្រើប្រាស់ពាក្យពេចន៍ដែលមិនបង្ហាញការគោរពចំពោះប្រធានាធិបតី អនុប្រធានាធិបតី សភា និងអ្នកតំណាងរាស្ត្រអាមេរិក៕






