អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧

កំពង់ចាម៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក-នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណផែនការចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពនីមួយៗ ឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តកំពង់ចាម នាឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញនិងណែនាំដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូលទិន្នន័យ និងរៀបចំផែនការថវិកាឱ្យមានភាពច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ដើម្បីបន្តរុញច្រានការអភិវឌ្ឍខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើន៕

You might also like