សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថត ថតនៅពេលសម្តេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្តេចគិតថា ជារូបថត ថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនី នៅខេត្តរតនគិរី។ នេះបើយោងតាម Channel CoolApp ផ្លូវការរបស់សម្តេចទើបបង្ហោះចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចបានសរសេរដូច្នេះថា «ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀត ដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥ មីនា ១៩៩០ នៅខេត្តបាត់ដំបង ដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង ទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម។ បង ប៊ូ ថង ប្រធានអគ្គស្នងការនយោបាយកងទ័ព នាពេលនោះជាអ្នកអមដំណើរ។
សម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្តរតនគិរីវិញ ដែលកាលឆ្នាំ១៩៩០ ខ្ញុំទៅពិនិត្យការសាងសង់វារីអគ្គិសនីអូជុំ ដែលអមដំណើរដោយបង ប៊ូ ថង
ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍភូមិភាគឥសាន។
មានមូលហេតុ៣ដែលខ្ញុំសំអាង ១.គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិ តែងប្រើឯកសណ្ឋានយោធា និងមានកាំភ្លើងក្រវ៉ាត់នៅចង្កេះ។ ២.បងប៊ូ ថង ចេញពីរដ្ឋមន្ត្រីការពារជាតិ
ឆ្នាំ១៩៨៨ ជំនួសដោយសម្តេចពិជ័យសេនា ទៀ បាញ់ និងចេញពីប្រធានអគ្គស្នងការនយោបាយឆ្នាំ១៩៨៩ ជំនួសដោយឯកឧត្តម ឯល វ៉ាន់សារ៉ាត។ ម្យ៉ាងទៀតបង ប៊ូ ថង មិនដែលអមដំណើរខ្ញុំទៅគៀកសមរភូមិទេ។ ៣.សម្លៀកបំពាក់ខ្ញុំក្តី បងប៊ូ ថង ក្តី និងអ្នករួមដំណើរ គឺជាប្រភេទសម្លៀកបំពាក់ចុះសួរសុខទុក្ខប្រជាជន ឬពិនិត្យការដ្ឋានសាងសង់។
ម្យ៉ាងទៀតរូបភាពខាងក្រោយមានទំនប់ និងដើមឫស្សីដែលពេលនោះ ខ្ញុំបានដាក់ឈ្មោះទីនោះថា «ទំនប់អូជុំស្នេហ៍»។ ពេលនោះភរិយាខ្ញុំ និងភរិយា បងប៊ូ ថង ធ្វើដំណើរ
ជាមួយគ្នា។ សូមបញ្ជាក់ថាពេលនោះខ្ញុំធ្វើដំណើរ ៣ខេត្តគឺមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង
ជាពេលវេលាដ៏លំបាកគ្មានផ្លូវ គ្មានភ្លើង គ្មានអ្វីៗដូចសព្វថ្ងៃនេះទេ។ មកពីចរចាសន្តិភាពនៅក្រៅប្រទេស ឆ្លៀតចុះទៅតាមខេត្តពិនិត្យសមរភូមិយោធា និងការអភិវឌ្ឍ។
ដើម្បីកាន់តែច្បាស់សូមបងប្អូន ដែលដឹងរូបថតនេះជួយប្រាប់ផង ពិសេសអ្នកខេត្តរតនគិរី និងបាត់ដំបង។ ខ្ញុំសូមបង្ហាញរូបភាពក្នុងឯកសណ្ឋាន
យោធា ២សន្លឹកក្នុងឆ្នាំ១៩៩០ ដើម្បីធ្វើការប្រៀបធៀប»៕

You might also like