មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល រួមជាមួយអភិបាលខេត្តព្រៃវែង ដោះស្រាយវិវាទបូមខ្សាច់ នៅស្រុកពាមរក៍
(ព្រៃវែង)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល រួមជាមួយអាជ្ញាធរខេត្តព្រៃវែង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះដោះស្រាយដោយផ្ទាល់បញ្ហាជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបូមខ្សាច់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីមានការផ្ទុះកំហឹងពីសំណាក់ប្រជាពលរដ្ឋដែលអះអាងថា សកម្មភាពបូមខ្សាច់បានបង្កឱ្យមានការបាក់ច្រាំងទន្លេ និងរំខានដល់ការរស់នៅប្រចាំថ្ងៃ។
កិច្ចប្រជុំដោះស្រាយនេះបានប្រព្រឹត្តទៅនៅសាលាស្រុកពាមរក៍ ក្រោមអធិបតីភាពលោក យស មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
កិច្ចប្រជុំនោះលោក អុឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុនចតុមុខ ដែលជាម្ចាស់សាឡង់បូមខ្សាច់នោះ គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ ហើយបានធ្វើសកម្មភាពបូមខ្សាច់នៅក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន។
លោកបានបន្ថែមថា មុននឹងផ្តល់អាជ្ញាប័ណ្ណ មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល បានចុះមកសិក្សា និងពិនិត្យដោយផ្ទាល់យ៉ាងល្អិតល្អន់រួចមកហើយ។
លោក អុឹង ឌីប៉ូឡា ក៏បានបកស្រាយអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាក់ទងនឹងការបាក់ច្រាំងទន្លេ ដោយបញ្ជាក់ថា មន្ត្រីជំនាញបានចុះទៅពិនិត្យជាក់ស្តែង ហើយពុំបានរកឃើញថាមានបញ្ហាបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់នៅខេត្តព្រៃវែងនោះទេ។
លោកអគ្គនាយក ក៏បានពន្យល់ពីគោលបំណងនៃការបូមខ្សាច់ថា គឺដើម្បីបូមនៅកន្លែងទឹករាក់ ឱ្យជម្រៅទន្លេមានភាពស្មើគ្នា ជៀសវាងកន្លែងមួយរាក់ កន្លែងមួយជ្រៅ ដែលអាចបង្កឱ្យមានការបាក់ច្រាំងនៅកន្លែងទឹកជ្រៅ។ លើសពីនេះ ការបូមខ្សាច់ក៏ជួយសម្រួលដល់នាវាចរណ៍ដឹកទំនិញធុនធ្ងន់ ឱ្យអាចធ្វើដំណើរឆ្លងកាត់តាមដងទន្លេមេគង្គនេះបានដោយរលូនផងដែរ។
ដើម្បីដោះស្រាយផលប៉ះពាល់ និងឆ្លើយតបទៅនឹងសំណូមពររបស់តំណាងប្រជាពលរដ្ឋ លោកមេឃុំ និងលោកស្រីមេភូមិ លោក អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានដាក់ចេញនូវយន្តការមួយចំនួន។ យន្តការនេះតម្រូវឱ្យម្ចាស់ក្រុមហ៊ុនបូមខ្សាច់បន្តបូមនៅក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួនដដែល ប៉ុន្តែត្រូវដាក់ពោងចល័តចាប់ពីម៉ោង ៦:០០ព្រឹក រហូតដល់ម៉ោង ៦:០០ល្ងាច ហើយត្រូវដកទាំងពោងទាំងសាឡង់ទៅខាង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការនេសាទត្រី។
ក្នុងឱកាសនោះ លោក យស មុនីរ៉ាត់ ក៏បានឯកភាពចំពោះដំណោះស្រាយនេះ ដោយចាត់ទុកថាជាដំណោះស្រាយមួយដ៏ល្អសម្រាប់ភាគីទាំងពីរ គឺក្រុមហ៊ុន និងប្រជាពលរដ្ឋ ដើម្បីជៀសវាងបញ្ហានៅថ្ងៃក្រោយ។ លោកក៏បានប្រកាសបង្កើតប៉ុស្តិ៍ត្រួតពិនិត្យមួយនៅផ្ទះលោកស្រីមេភូមិ ដើម្បីឱ្យគ្រប់ភាគីអាចចូលរួមពិនិត្យទាំងអស់គ្នាថា តើក្រុមហ៊ុនបូមខ្សាច់នៅក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ឬក៏បានរំលោភបំពានទៅដល់កន្លែងផ្សេង។ ប្រសិនបើរកឃើញមានការរំលោភបំពាន នឹងត្រូវរាយការណ៍ជាបន្ទាន់ទៅនាយកដ្ឋានរ៉ែ និងថាមពល ដើម្បីពិនិត្យ និងធ្វើការដកអាជ្ញាប័ណ្ណតែម្ដង។
បន្ថែមលើសពីនេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកអភិបាលខេត្តបានស្នើឱ្យប្រជាពលរដ្ឋរាល់ពេលមានបញ្ហា ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយ មិនត្រូវដោះស្រាយដោយប្រើអំពើហិង្សានោះទេ ដែលអាចបង្កឱ្យមានបញ្ហាផ្សេងៗទៅមុខទៀត។
គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ប្រជាពលរដ្ឋដែលបានចុះទៅតវ៉ាចំពោះសាឡង់បូមខ្សាច់នោះ គឺមិនបានចូលរួមតាមការអញ្ជើញរបស់រដ្ឋបាលស្រុក និងឃុំនោះទេ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរពាក់ព័ន្ធនៅតែបន្តស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព ដើម្បីធានានូវភាពសុខដុមរមនារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព៕






